សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ឯកអគ្គរាជទូត​ថៃ បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា ចូលជួប​ជម្រាបលា

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ចូលជួប​ជម្រាបលា នា​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព បន្ទាប់ពី​ឯកឧត្តម បញ្ចប់​បេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ។​

​ឯកឧត្តម ពុល​ថាប់ បាន​គោរព​សម្ដែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្ដេច​តេ​ជោ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្ដល់​វ៉ាក់សាំង​ជូន​ឯកឧត្តម និង​មន្ត្រី​ស្ថានទូត​ទាំងអស់ មិន​ត្រឹមតែ​ស្ថានទូត​ថៃ​ទេ​គឺ​ស្ថានទូត​ទាំងអស់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម ពុល​ថាប់ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ សម្ដេច​តេ​ជោ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid 19 បាន​ជោគជ័យ ហើយ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​បើក​ប្រទេស​ឡើងវិញ ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ទទួលជោគជ័យ ដែល​នោះ​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​រឹងមាំ​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ​។

​ឯកឧត្តម ពុល​ថាប់ បាន​ជំរាបជូន​សម្ដេច​តេ​ជោ​ថា ពេល​ឯកឧត្តម ទើប​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ឯកឧត្តម បាន​ប្ដេជ្ញា​ជូន​សម្ដេច​ថា និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែខ្លាំង​ឡើង ដោយ​ឈរលើ​មូលដ្ឋាន​ដែលមាន​ស្រាប់ ហើយ​នៅពេលនេះ ឯកឧត្តម​សូម​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ ផងដែរ​ថា ឯកឧត្តម​បានសម្រេច​តាម​ការប្ដេជ្ញា​ហើយ​។

កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​ពង្រីក នឹង​ពង្រឹង ខណៈ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​កើនឡើង ១០% ទោះបី​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​-១៩ ក៏ដោយ​, វិស័យ​អប់រំ ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ដទៃទៀត ក៏មាន​ការរីកចម្រើន​ផងដែរ​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ពុល​ថាប់ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត បំពេញបេសកកម្ម​ការ​ទូត​នាំ​ឲ្យ​ប្រទេស​ទាំងពីរ ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ មាន​ទំនាក់ទំនង​នឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ​ប្រសើរឡើង​។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ ក៏ដោយ យើង​បាន​ខិតខំ​រួមគ្នា​ធ្វើការ​បានល្អ ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផង និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម អប់រំ និង​វិស័យ​ដទៃទៀត​បាន​យ៉ាង​ល្អ​ជាទី​មោទនៈ​។​

​ជាទី​បញ្ចប់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្ដងទៀត​ជូន​ចំពោះ​ឯកឧត្តម ពុល​ថាប់ និង​ជូនពរ ឯកឧត្តម ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​នាពេល​អនាគត​បន្តទៅទៀត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close