បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជាង ៤០គីឡូក្រាម ចាប់ខ្លួនជនជាតិថៃ ៤នាក់ ផ្ទុះអាវុធសមត្ថកិច្ចបាញ់ ជនសង្ស័យស្លាប់ម្នាក់ រងរបួសម្នាក់
ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ធជនជនជាតិថៃចំនួន ៤នាក់ ខណៈដឹកជញ្ជូនគ្រឿងញៀនជាង ៤០គីឡូក្រាម នៅចំណុចផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ ០១នាក់ស្លាប់ និង ០១នាក់រងរបួស។
ជនសង្ស័យទាំង ៤នាក់ ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ, ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ, ឈ្មោះ ណា កូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិថៃ (រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង និងឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ថៃ(ស្លាប់)។ ដោយឡែកវត្ថុតាងចាប់បាន គ្រឿងញៀនសរុប ៤១គ.ក្រ ៩៣២ ក្រាម រួមមាន៖
-កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម
-រថយន្ត ២គ្រឿង
-អាវុធខ្លី ២ដើម៕
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។