កម្ពុជា​-​គុយបា ពង្រឹង​ទំនាក់ទំនង​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការវិនិយោគ ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ពិភាក្សា​ការងារ​ជាមួយ លោក Gerardo Geñalver Portal អនុរដ្ឋមន្ត្រី​ការបរទេស​ទី​១ នៃ​សាធារណរដ្ឋ​គុយបា អំពី​ការត្រៀម​រៀបចំ​សម្រាប់​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំងពីរ​នាពេលខាងមុខ​នេះ ជាមួយ​ក្តី​រំពឹងទុក​យ៉ាង​មុតមាំ​ថា ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ អាច​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​បន្ថែម ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស ទទួលបាន នៅ​ថ្ងៃទី​០៥ ខែកញ្ញា​នេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​១ Gerardo Geñalver Portal ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​០១-០៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​វាយតម្លៃ ខ្ពស់​ចំពោះ​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រជាជាតិ​ទាំងពីរ និង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាពិសេស នៅក្នុង​វិស័យ​សុខាភិបាល អប់រំ និង​កីឡា និង​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ក្នុង​ពង្រឹង​កិច្ច​សហ​-​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ទាំងនេះ​បន្ថែមទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​នៅមាន​ទំហំ​តូច​នៅឡើយ ព្រមទាំង​បានផ្តល់​អនុសាសន៍​ឱ្យ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាពេល​ខាងមុខនេះ រិះរក​វិធី​និង​មធ្យោបាយ​នានា ដើម្បី​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការវិនិយោគ​បន្ថែមទៀត​។​

​លោក Gerardo Penalver Portal បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​ដ៏​គួរឱ្យកត់សម្គាល់​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​- ១៩ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ខណៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ឆ្លើយតប​ដោយ​សម្តែង​នូវ​ចំណាប់អារម្មណ៍​ចំពោះ​កម្លាំង​សេដ្ឋកិច្ច របស់​ប្រទេស​គុយបា​។ ទាំង លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​១ បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធន៍ រវាង​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោក​Gerar do Penalver Portal បាន​ពិភាក្សា​អំពី​កិច្ច​សហ ប្រតិបត្តិការ​រវាង​អាស៊ាន និង​គុយបា ផងដែរ និង​បានកត់សម្គាល់​ដោយ​ក្តី​រីករាយ​ចំពោះ​ការចូលរួម​របស់​គុយ​បា​ក្នុង​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ច​សហ ប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC) នៅ​ឆ្នាំ ២០២០​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជំរាបជូន​ភ្ញៀវ​អំពី​បញ្ហា​ក្តៅ និង​ការ​ប្រឈម​នានា ដែល​កម្ពុជា​បាននិងកំពុង​ប្រឈម​ក្នុងនាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​។ លោក Gerardo Penalver Portal បាន​អបអរសាទរ​ចំពោះ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​បាន​កោតសរសើរ​កម្ពុជា​សម្រាប់​ការដោះស្រាយ​ការ​ប្រឈម​ទាំងនោះ​ជាមួយនឹង «​ការទូត​ដ៏​ប៉ិនប្រសប់ និង​ភាពឈ្លាសវៃ​»​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​១ Gerardo Peñalver Portal ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែលជា​ចំណាប់អារម្មណ៍​រួម និង​មានការ​ប្តេជ្ញាចិត្ត​រួមគ្នា​បន្ត ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​។​

​នៅក្រោយ​ជំនួប​នេះ ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​២ ជាមួយ​លោក Gerardo Peñalver Portal៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close