កម្ពុជា យក​ឱកាស​បុណ្យ​សមុទ្រ នៅ​ព្រះសីហនុ បង្អួត​គោលដៅ​ទេសចរណ៍​ឆ្នេរ ទៅកាន់​សកលលោក​

​ព្រះសីហនុ​៖ កម្ពុជា​មានបំណង​យក​ឱកាស​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នា​ចុងឆ្នាំ​២០២២​នេះ ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​របស់ខ្លួន ទៅកាន់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​បំផុត​លើ​សកលលោក ដោយ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​នេះដែរ​។​

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២ ជាមួយគ្នា​នោះ​កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ​ផងដែរ ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដីសង្ឃឹម​»​។​

​នៅ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ត្រូវមាន​ស្ដង់​មួយ​សម្រាប់​បង្ហាញ​ស្នាដៃ​របស់ខ្លួន ពិសេស​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម ទៅកាន់​ប្រជាជន ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជា​គណៈប្រតិភូ​អន្តរជាតិ​ដែល​នឹងចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុងពេល​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នាពេលខាងមុខ​នោះ ប្រធាន​ក្លិប​នឹង​ផ្សព្វផ្សាយ​អំពី​គំរូ​ដ៏​ល្អ​របស់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ខិតខំ​អភិវឌ្ឍ​គ្រប់គ្រង​ឆ្នេរសមុទ្រ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ បង្ហាញ​ទៅ​សមាជិក​ក្លិប​ឆ្នេរ​ទាំងអស់​ដែល​បច្ចុប្បន្ន​មាន​២៦​ប្រទេស​។​

​ឯកឧត្តម​បញ្ជាក់ថា «​ការដែល​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក​សម្រេច​មក​រៀបចំ​មហាសន្និបាតរ​បស់​ខ្លួន​នេះ គឺ​មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ព្រោះ​គេ​បាន​មើលឃើញ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​របស់​កម្ពុជា គឺមាន​ការទទួលខុសត្រូវ​ខ្ពស់​»​។ ដូច្នេះហើយ​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ត្រូវមាន​ស្ដង់​ពិព័រណ៍​សមរម្យ​មួយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នាពេលខាងមុខ រចនា​ឱ្យបាន​ស្អាត​ទាក់ទាញ ដើម្បី​បង្ហាញ​អំពី​សមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រង​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​របស់ខ្លួន​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ទទួល​នូវ​ការណែនាំ​របស់លោក​រដ្ឋ​មន្ត្រី ថោង ខុន ដើម្បី​រៀបចំ​ឱ្យមាន​ស្ដង់​ពិព័រណ៍​បង្ហាញ​អំពី​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ កោះ ទីក្រុង​ព្រះសីហនុ និង​គោលដៅ​ដែលមាន​សក្ដានុពល​ផ្សេងទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ឯកឧត្តម​ក៏បាន​ចាត់ចែង​ដល់​អភិបាលរង​ខេត្ត និង​ក្រុមការងារ​ជំនាញ​ចាប់​អនុវត្ត​កិច្ចការងារ​នេះ​ប្រកបដោយ​ការយកចិត្តទុកដាក់​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​.) ធ្លាប់បាន​ឱ្យដឹងថា ដោយសារ​កម្ពុជា​មានកា​រ​ប្តេជ្ញាចិត្ត​ច្បាស់លាស់​និង​មុ​ឺ​ង​ម៉ាត់​ក្នុងការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​និង​ឆ្នេរសមុទ្រ ទើប​មហាសន្និបាត​ក្លិប​ឆ្នេរ​លើក​ទី​១៥ ឆ្នាំ​២០១៩ នៅ​ឆ្នេរ​តូ​យ៉ាម៉ា ប្រទេស​ជប៉ុន បានសម្រេច​បោះឆ្នោត​ជា​ឯកច្ឆន្ទ​យក​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត ហើយ​ជាពិសេស​ក្លិប​ឆ្នេរ​មានការ​សប្បាយចិត្ត​រីករាយ​បំផុត ដោយ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​មន្ត្រី បាន​ចាក់​ស្រោច​វ៉ាក់សាំង​កូ​វីដ​-១៩ និង​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​មុនគេ​ក្នុង​គ្រប់​វិស័យ រួមទាំង​វិស័យ​ទេសចរណ៍​ផង​នោះ ដែល​អាច​បើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ហើយ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​បាន​ដោយផ្ទាល់​ប្រកបដោយ​សុវត្ថិភាព រួមទាំង​ពិធីបុណ្យ​សមុទ្រ និង​មហាសន្និបាត​ក្លិប​ឆ្នេរ​ដែល​ស្អាត​ជាងគេ​លើ​សកលលោក តាម​ផែន​ការដែល​បានគ្រោង​ទុក​នៅ​ឆ្នាំ​២០២២​នេះ បន្ទាប់ពី​បាន​ខកខាន​ក្នុង​ការរៀបចំ​មហាសន្និបាត​ដោយផ្ទាល់​២​លើក កាលពី​ឆ្នាំ​២០២០ នៅ​អ៉ី​ស្រា​អែល និង​នៅ​អង់​ហ្គោ​ឡា​នៅ​ឆ្នាំ​២០២១​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close