អាជ្ញាធរខេត្តបន្ទាយមានជ័យប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ចំពោះទឹកជំនន់
លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យនៅក្នុងលិខិតជូនដំណឹងលេខ៥២៧/សជណ /២២ ចុះថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ បានឱ្យដឹងថា :តាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប(ITCZ) អូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ឡាវនិងវៀតណាម។
លក្ខណ:នេះនឹងធ្វើអោយកម្ពុជាពីថ្ងៃទី០៥ដល់០៩ខែកញ្ញាឆ្នាំ២០២២ ស្ថានភាពអាកាសធាតុជាទូទៅនឹងមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណ:ធ្លាក់ជាប់បន្តក្នុងកម្រឹត មធ្យមទៅបង្គួរ ។ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ដែលបង្កអោយផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួននៅភូមិសាស្ត្រជួរភ្នំ តំបន់ខ្ពង់រាបនិងទំនាបជាប់ផ្លូវទឹកមានហានីយភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង។
ពិនិត្យលើស្ថានភាពជាក់ស្តែងថ្មីៗនេះ តាមបណ្តោយព្រំដែនមានទឹកធ្លាក់ពីប្រទេសថៃផង ក្នុងន័យនេះគណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ អប់រំ,ណែនាំកូនតូចៗកុំអោយលេងទឹក ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ។
ពីព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្របន្ទាយមានជ័យទល់មុខខែត្តស្រះកែវនិងខែត្តបូរីរ៉ាំ នាថ្ងៃទី០៥ខែកញ្ញានេះ កងកម្លាំងការពារព្រំដែននិងអាជ្ញាធរមូលដ្ឋានអោយដឹងថា : ទី១-នៅគោលដៅអូរកំបុតនាឃុំគោករមៀតស្រុកថ្មពួក ទល់មុខឃុំស្រងែស្រុកតាប្រាយ៉ាខេត្តស្រះកែវ ទឹកនៅមានតិចតួចប៉ុណ្ណោះ ។
ទី២-នៅគោលដៅច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺនិងស្លាបសងខាង ស្រុកម៉ាឡៃ ទល់មុខស្រុកអារញ្ញាទឹកអូរនៅមានតិចតួច ។ទី៣- នៅអូរព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ-ក្រុង ប៉ោយប៉ែតទល់មុខស្រុកអារញ្ញាប្រាថេត ទឹកមិនទាន់ហក់ឡើងថ្មីទេ និងនៅព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ-ស្រុកស្វាយចេក ទល់មុខស្រុកគោកធ្យូងនិងតាប្រាយ៉ា ក៏មិនទាន់មានជំនន់ទឹកភ្លៀងនៅឡើយ ។
ចំណែកនៅផ្ទៃក្នុងភូមិសាស្ត្រខេត្ត(ស្រុក/ក្រុងទាំង៩ ក៏មិនទាន់មានទឹកជំនន់និងជំនន់ទឹកភ្លៀងដែរ មកទល់ព្រលប់ថ្ងៃនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។