ចុងសប្ដាហ៍ទី១ ខែកញ្ញា! កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់
ភ្នំពេញ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃ ក្នុងប្រចាំសប្តាហ៍ ចាប់ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៩,៣៦០នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ២៩,១៦១នាក់
* ខេត្តកំពត ២៨,០២២នាក់
* ខេត្តសៀមរាប ២៤,៨៤៩នាក់
* ខេត្តបាត់ដំបង ១៧,២៩០នាក់
* រាជធានីភ្នំពេញ ១៦,៧៧៩នាក់
* ខេត្តកណ្តាល ១៤,៥៨៤នាក់
* ខេត្តកំពង់ស្ពឺ ១១,៧៦០នាក់
* ខេត្តកែប ១០,៩១៩នាក់។
តួលេខខាងលើ មានការថមថយប្រមាណ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។
ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាននិងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។