កូរ៉េខាងត្បូង​៖ មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ ដោយសារ​ព្យុះ​ទី​ហ្វុ​ង Hinnamnor បោកបក់​ខ្លាំង​

​សេ​អ៊ូ​ល​៖ អាជ្ញាធរ​បាន​និយាយ នា​ថ្ងៃទី​៦ កញ្ញា ២០២២​នេះ​ថា ប្រជាជន​កូរ៉េខាងត្បូង​រាប់ពាន់នាក់​បាន​ជម្លៀសចេញ ខណៈដែល​ព្យុះ​ទី​ហ្វុ​ង Hinnamnor បាន​បោកបក់​នៅ​ភាគខាងត្បូង​របស់​ប្រទេស​នេះ ជាមួយនឹង​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង​ដែល​រំពឹងថា នឹង​បន្ត​ពេញ​មួយថ្ងៃ​។​

​យោងតាម​រដ្ឋបាល​ឧតុនិយម​កូរ៉េ​បានឱ្យដឹងថា ព្យុះ​ទី​ហ្វុ​ង​ដែល​ធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​ក្នុង​ល្បឿន​ប្រហែល ៥២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​ចាក​ចេញពី​ឧបទ្វីប​កូរ៉េ នៅ​ម៉ោង​ប្រហែល ៧៖១០ ព្រឹក ចេញពី​ទីក្រុង Ulsan ភាគ​អាគ្នេយ៍ បន្ទាប់ពី​បាន​បោកបក់​មកលើ​ទីក្រុង​ឆ្នេរសមុទ្រ Geoje ។​

​ទីភ្នាក់ងារ​ថា ព្យុះ​ទី​ហ្វុ​ង Hinnamnor ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​ភាគ​ឦសាន និង​ឆ្លងកាត់​ប្រហែល ៤០០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង Sapporo ប្រទេស​ជប៉ុន ប្រហែល​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃ​អង្គារ​។​

​អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី Yoon Suk-yeol បាន​និយាយថា លោក​ប្រធានាធិបតី បាន​កោះប្រជុំ​ឆ្លើយតប និង​បាន​ជំ​រុញឱ្យ​មន្ត្រី​មានការ​ប្រុងប្រយ័ត្ន​រហូត​ដល់​ព្យុះ​ទី​ហ្វុ​ង​បាន​រលត់​ទាំងស្រុង​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ មនុស្ស​ចំនួន ៣៤៦៣ នាក់​ត្រូវបាន​ជម្លៀសចេញ ដែល​ភាគច្រើន​មកពី​តំបន់​ភាគខាងត្បូង ដោយ​ម្នាក់​អាយុ ២៥ ឆ្នាំ​បាន​រាយការណ៍​ថា បាន​បាត់​ខ្លួន​នៅក្នុង​ទីក្រុង Ulsan នេះ​បើ​យោងតាម​អាជ្ញាធរ​។ ព្យុះ​ទី​ហ្វុ​ង​បាន​បង្ខំ​ឱ្យមាន​ការលុបចោល​ជើងហោះហើរ​រាប់រយ ការផ្អាក​ប្រតិបត្តិការ​អាជីវកម្ម និង​ការបិទ​សាលារៀន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close