អូស្ត្រាលី គាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២
ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយនិងថ្លែងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ដែលជានិច្ចកាលតែងតែអញ្ជើញចូលជួបពិភាក្សាការងារ សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរស់រវើកនិងរីកចម្រើនបន្ថែមទៀត។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធាន អាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន (AEM Special Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារទាំងអស់ ដើម្បីអាចឈានដល់ការសម្រេចបាននូវជំហររួម សំដៅបញ្ចប់ការចរចាជាដុំកំភួន ស្របតាមពេលវេលាកំណត់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ក្នុងនោះ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូននិងឆ្លើយតបទៅនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងទ្បូជីស្ទីក និងការៀបចំទូទៅនានា ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់នូវលទ្ធផលគួរឱ្យកត់សម្គាល់នៃការចរចាដំទ្បើងកម្រិតនេះ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។
បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានយល់ស្របថាផងដែរថា ភាគីចរចាទាំងអស់ត្រូវពន្លឿនកិច្ចពិគ្រោះយោបល់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីអាចឈានដល់ការបញ្ចប់ជាដុំកំភួនដូចការគ្រោងទុក ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ អូស្ត្រាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ផងដែរ។
ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្ត្រាលី (ACCC) ផងដែរ។ ក្នុងនោះ ភាគីអូស្ត្រាលី បានជម្រាបជូននូវគោលបំណងរៀបចំព្រឹត្តិការណ៍អម ក្រោមក្របខ័ណ្ឌវិស័យការប្រកួតប្រជែង ក្នុងអំទ្បុងពេលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលហ្សេទ្បង់លើកទី២៧ (27th AEM-CER Consulation)។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គរាជទូត បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។