គ្រូបង្រៀនប្រមាណ ៨ពាន់នាក់ ទទួលបានការពង្រឹងសមត្ថភាព លើបច្ចេកទេសបង្រៀនតាមបែបឌីជីថល
តាមរយៈគម្រោង USESDP គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញ ទូទាំងប្រទេសកម្ពុជា សរុបចំនួន ៨ ៤២១នាក់ ស្រី ៣ ៤៧១នាក់ បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី១ (USESDP-I) និងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដើម្បីលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀនលើជំនាញអប់រំឌីជីថល។
វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់សម្រាប់សិក្ខាកាមក្នុងការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការងារគ្រប់គ្រប់ ការងារបង្រៀនតាមបែបឌីជីថល ជំនួយដល់គ្រូបង្រៀនក្នុងការគ្រប់គ្រងថ្នាក់រៀនពីចម្ងាយ តាមដានការសិក្សារបស់សិស្សានុសិស្ស ប្រើប្រាស់ធនធានអប់រំដែលមានស្រាប់ដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន បង្កើនភាពទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ ឆ្លើយតបឱ្យបានទាន់ពេលចំពោះការរីកចម្រើនថ្មីនៃបច្ចេកវិទ្យាឌីជីថល។
វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ ដោយមានការចូលរួមឧទ្ទេសដោយគ្រូឧទ្ទេសមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាល័យព្រះសីហនុ ខេត្តបាត់ដំបង វិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
ក្នុងដំណើរការវគ្គបណ្ដុះបណ្ដាល មានការស្ទាបស្ទង់មតិមុនការចាប់ផ្តើម និងក្រោយបញ្ចប់វគ្គ មានការរៀបចំប្រឡងបញ្ចប់តាមអនឡាញ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដើម្បីធានាបាននូវគុណភាព និងបញ្ជាក់ពីសមត្ថភាពសិក្ខាកាមក្នុងការប្រើប្រាស់កម្មវិធីនានាដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល។
ការបណ្ដុះបណ្ដាល នាយកសាលា គ្រូបង្រៀន លើជំនាញអប់រំតាមបែបឌីជីថល ជាការបោះជំហាន ស្របតាមកំណែទម្រង់វិស័យអប់រំតាមបែបឌីជីថល ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។