ព្យុះ​ទី​ហ្វុ​ង Hinnamnor បានសម្លាប់​មនុស្ស​ម្នាក់ និង​បាត់​ខ្លួន ៩​នាក់ នៅ​កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​៖ ព្យុះ​ទី​ហ្វុ​ង Hinnamnor បានសម្លាប់​មនុស្ស​ម្នាក់ និង​បានធ្វើឱ្យ​មនុស្ស​ប្រាំបួន​នាក់​បាត់​ខ្លួន នៅ​ថ្ងៃ​អង្គារ ថ្ងៃទី ៦ ខែកញ្ញា មុនពេល​ធ្វើដំណើរ​ត្រឡប់​ទៅ​សមុទ្រ​វិញ ជាមួយនឹង​របាយការណ៍​មួយចំនួន​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​សំខាន់ៗ​។

​ព្យុះ​ទី​ហ្វុ​ង​ដែលជា​កម្លាំង​ដ៏​ខ្លាំង​បំផុត​មួយ ក្នុង​រយៈពេល​រាប់សិប​ឆ្នាំ សម្រាប់​កូរ៉េខាងត្បូង​នេះ បាន​បោកបក់​លើ​កោះ Jeju ភាគខាងត្បូង កាលពី​យប់មិញ មុន​ពេលដែល​បោកបក់ នៅ​ជិត​ទីក្រុង​កំពង់ផែ Busan ដែល​ត្រូវបាន​វាយលុក ដោយ​រលក​ដ៏​ធំ និង​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បំផ្លាញ​ផ្លូវ​មាត់សមុទ្រ និង​ហាង​ទំនិញ​។​

​គិត​ត្រឹម​ម៉ោង ១១ ព្រឹក​នេះ ព្យុះ​ទី​ហ្វុ​ង​បានធ្វើ​ដំណើរ​ទៅ​ភាគ​ឦសាន ក្នុង​ល្បឿន​ប្រហែល ៦២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ត្រូវបាន​ព្យាករណ៍​ថា នឹង​ឆ្លងកាត់​ប្រហែល ៤២០ គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Sapporo ប្រទេស​ជប៉ុន នៅ​ម៉ោង ៩ យប់​។​

​ទីស្នាក់ការ​កណ្តាល​ប្រឆាំង​គ្រោះមហន្តរាយ និង​សុវត្ថិ​ភាពកណ្តាល កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា បុរស​អាយុ ២៥ ឆ្នាំ​ម្នា​ក់បាន​បាត់​ខ្លួន បន្ទាប់ពី​បាន​ធ្លាក់ចូល​ទៅក្នុង​ទឹក​ហូរហៀរ ក្នុង​ទីក្រុង Ulsan ។
​ប្រភព​បាន​បន្ថែមថា នៅក្នុង​ទីក្រុង​កំពង់ផែ​ភាគ​ខាងកើត​នៃ​ទីក្រុង Pohang មាន​ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​វ័យ ៧០​ឆ្នាំ ម្នាក់ ត្រូវបាន​នាំទៅ​ដោយ​ទឹកជំនន់ ហើយ​បាន​ស្លាប់​។​

​ចំនួន​អ្នកស្លាប់​អាច​កើនឡើង​នៅ​ថ្ងៃ​បន្ទាប់ ដោយ​អាជ្ញាធរ​បានកំណត់​អត្តសញ្ញាណ​មនុស្ស​យ៉ាងតិច​ប្រាំបួន​នាក់​បាន​បាត់​ខ្លួន គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ រួមទាំង​មនុស្ស ៧ នាក់​នៅ​ចំណត​ក្រោម​ដី​ដែល​លិច​ទឹក ក្នុង​ទីក្រុង Pohang ។ គ្រួសារ​ជាង ៦​ម៉ឺន នៅ​ទូទាំងប្រទេស​គ្មាន​ថាមពល​ប្រើប្រាស់ ដោយសារតែ​ព្យុះ​ទី​ហ្វុ​ង​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close