អាជ្ញាធរ​ខេត្តសៀមរាប ថា ការប្រមូលផ្តុំ​របស់លោក ខឹម វាសនា ត្រូវបាន​ប្រកាស​រំសាយ​អស់ហើយ ត្រឹម​ល្ងាចម្សិលមិញ

​ខេត្តសៀមរាប​៖ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំ​របស់លោក ខឹម វាសនា នៅ​ដីចម្ការ ស្ថិតនៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​ប្រកាស​រំសាយ​អស់ហើយ​ត្រឹម​ល្ងាច​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។​

​ខណៈ​ពេលនេះ​អាជ្ញាធរ កំពុង​រៀបចំ​សម្របសម្រួល​អោយ​ប្រជាជន​ចេញ​ទាំងអស់​ទុក​តែ​អ្នក​ដែល​រស់នៅ​លើដី​ចម្ការ​នោះ​តែប៉ុណ្ណោះ ហើយដោយ​នីតិវិធី​ត្រូវបំពេញ​ច្រើន អាជ្ញាធរ​នឹង​បន្តការងារ​នេះ​នៅ​ស្អែក​បន្តទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ចំពោះ​អ្នក​ដែល​ត្រូវ​ស្នាក់នៅ​ដី​ក្នុង​ដីចម្ការ​នេះ អាជ្ញាធរ​បានឱ្យ​ម្ចាស់​ដី​បញ្ជក់​ចំនួន​ឱ្យ​ច្បាស់លាស់ ដើម្បីឱ្យ​ស្របតាម​ច្បាប់​អាស្រ័យ​ផល​លើដី​ឯកជន ហើយ​បន្ទាប់ពី​ម្ចាស់​ដី​បញ្ជាក់​ចំនួន​រួចហើយ អ្នក​ដែល​នៅសល់​ត្រូវតែ​ចាកចេញ​ទាំងអស់​។​

​គិត​ត្រឹម​ល្ងាច​នេះ អ្នក​ដែល​កំពុង​នៅក្នុង​ដីចម្ការ​នេះ នៅមាន​តិចតួច​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​នឹង​បន្ត​សម្របសម្រួល​រវាង​ម្ចាស់​ដី និង​ប្រជាជន​ដែល​ត្រូវ​ចាកចេញ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ មាន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស រួមទាំង​សមាជិក​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​លង់​ជឿ​តាម​ការបកស្រាយ​បែប​អប្បិយ​ជំនឿ​របស់លោក ខឹម វាសនា ដែលថា​នឹងមាន​គ្រោះ​រញ្ជួយ​ដី ហើយនឹង​បណ្តាលឱ្យមាន​ទឹកជំនន់​លិច​ពិភពលោក ស្លាប់​ទាំងអស់ លើកលែងតែ​ចម្ការ​នៅ​ម្តុំ​ភ្នំ​គូលែន​តែប៉ុណ្ណោះ ដែល​ការឃោសនា​សាបព្រោះ​នេះ បានធ្វើឱ្យ​យុវជន យុវតី និង​ប្រជាពលរដ្ឋ​ខ្លះៗ​ទៀត (​ខ្លះ​នៅ​រហូតដល់​ក្រៅប្រទេស​) សម្រេច​បោះបង់​ការសិក្សា បោះបង់​ការងារ បោះបង់​ឪពុកម្តាយ និង​ផ្ទះសម្បែង ហើយ​ចូលទៅ​សម្ងំ​នៅក្នុង​ចម្ការ​របស់លោក ខឹម វាសនា នៅ​ម្តុំ​ភ្នំ​គូលែន ស្រុក​បន្ទាយស្រី​៕​

ប្រភព៖ ក្រសួងព័ត៌មាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close