ក្រសួង​សាធារណការ ត្រៀម​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នាពេល​ឆាប់ៗ​ខាងមុខ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ដឹកនាំ​ដោយ​លោក Sun Yao Guo ប្រធាន​វិស្វករ ដើម្បី​ពិនិត្យ​ពិភាក្សា លើ​ចំណុច​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការងារ​ដែល​នៅ​សេសសល់ និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​សាកល្បង ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នាពេល​ឆាប់ៗ​ខាងមុខ​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយក​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​/​ខេត្ត ដែល​ពាក់ព័ន្ធ​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​អំណរ គុណ​ទៅកាន់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ដែល​បាន​អនុវត្ត​ការងារ​សាងសង់​លឿន​ជាង គម្រោង​ដែល​បានគ្រោង​ទុក​ក្នុង​កិច្ចសន្យា​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ដាក់​ផែនការ ឱ្យ គ្រប់ ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់​យកមក​ពិភាក្សា​រក​ដំណោះស្រាយ ឱ្យបាន​រួចរាល់ ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរ​សាកល្បង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្នុងនោះដែរ​ចំពោះ ទីតាំង​សាងសង់​បង្គោល​អង់​តែ​ន​ទូរ​សព្ទ​សំខាន់ៗ​មួយចំនួន នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន CRBC ផ្តល់ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធ្វើការ​រៀបចំ​បំពាក់​បង្គោល​តាម​នីតិវិធី​របស់ខ្លួន ជាមួយ​ភាគី​ពាក់ព័ន្ធ​។

​សូម​ជម្រាបជូន​ថា​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ស​ម្រ​ច​បាន ៩៦,៦០% គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន ភ្នំពេញ – ព្រះសីហនុ នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​បំផុត​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ជា​គម្រោង​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី រាជធានី​ភ្នំពេញ ទៅកាន់​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​ថយ​មក​ប្រមាណ​ពីរ​ម៉ោង​ប៉ុណ្ណោះ ព្រមទាំង ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close