ប្រធានាធិបតី​រុស្ស៊ី ត្រួតពិនិត្យ​ការធ្វើ​សមយុទ្ធ​យោធា​អន្តរជាតិ​

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង នៅ​ថ្ងៃ​អង្គារ​នេះ បានឱ្យដឹងថា ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ទស្សនកិច្ច ដើម្បី​ចុះ​ពិនិត្យ​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ នៅឯ​ភាគ​ខាងកើត​ប្រទេស ដែលមាន​ការចូលរួម​ពី​វត្តមាន​កងទ័ព​ចិន ក៏ដូចជា យោធា​មកពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​រុ​ស្ស៉ី​មួយចំនួនទៀត​។​

​សមយុទ្ធ​យោធា Vostok-2022 បានចាប់ផ្តើម​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១ ខែកញ្ញា ស្របពេល​សង្គ្រាម​របស់​រុ​ស្ស៉ី​កំពុងតែបន្ត​នៅ​អ៊ុយ​ក្រែ​ន និង​ចំ​គ្រា​ដែល​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​ប៉េកាំង សុទ្ធតែ​កំពុង​ប្រឈម​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​ដូចគ្នា​។ លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បាន​ប្រាប់ថា លោក ពូ​ទីន បានធ្វើ​ដំណើរ​ទៅកាន់​ទីលាន​សមយុទ្ធ​យោធា សឺ​ហ្គី​វ​ស្គី (Sergeevski) នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ លោក សឺ​ហ្គៃ សូ​យ​ហ្គូ (Sergei Shoigu) និង​នាយ​សេ​ធានា​ធិ​ការ លោក វ៉ា​ឡឺ​រី ហ្គើ​រ៉ាស៊ី​ម៉ូ​វ (Valery Gerasimov) ក៏ដូចជា​ដើម្បី​ពិនិត្យ​ដំណាក់កាល​ចុងក្រោយ នៃ​សមយុទ្ធ Vostok​។​

​គួរ​បញ្ជាក់ថា លោក Gerasimov បាន​ដឹកនាំ​ដោយផ្ទាល់ នូវ​ការធ្វើ​លំ​ហាត់​យោធា​នានា កំលុង​សមយុទ្ធ​នេះ ដែលមាន​ការចូលរួម​ពី កងទ័ព​របស់​ប្រទេស​មួយចំនួន ដែល​ធ្លាប់ជា​ផ្នែក​នៃ​អតីត​សហភាពសូវៀត ព្រមទាំង​មកពី​ចិន ឥណ្ឌា ឡាវ ម៉ុង​ហ្គោ​លី នី​កា​រ៉ា​ហ្កា និង​ស៊ី​រី ផងដែរ​។ សមយុទ្ធ Vostok-2022 មាន​កងទ័ព​ចម្រុះ​ជាតិ​សាសន៍​ចូលរួម​សរុប​ជាង ៥០,០០០​នាក់ និង​បរិក្ខារ​យោធា​ច្រើនជាង ៥,០០០​គ្រឿង ក្នុងនោះ​រួមមាន​យន្តហោះ​១៤០​គ្រឿង និង​នាវា​៦០​គ្រឿង ហើយ​ធ្វើឡើង​នៅតាម​ទីលាន​សមយុទ្ធ​មួយចំនួន ស្ថិតក្នុង​តំបន់​ចុង​បូព៌ា និង​នៅលើ​ដែនទឹក​ក្បែរ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​រុ​ស្ស៉ី​។ សមយុទ្ធ​យោធា​នេះ នឹង​បិទ​បញ្ចប់​ទៅវិញ នៅត្រឹម​ថ្ងៃ​ពុធ​ស្អែក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close