សម្ដេច​ក្រឡាហោម ស ខេង ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែ​តាំង​មុខតំណែង​អគារ​ធិ​ការ នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហ​ផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែ​តាំង​មុខតំណែង​អគារ​ធិ​ការ នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជាច្រើនរូប​ទៀត​។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឯម វិចិត្រ ត្រូវបាន​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់​តែងតាំង​ជា​អគារ​ធិ​ការ​នៃ​អគារធិការដ្ឋាន​ក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម អ៊ីវ លាង ដែល​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម អ៊ីវ លាង បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​អំពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ការងារ​នៃ​អគារធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។ បន្ទាប់មក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ​នៃ​អគ្គ​លេខ​ធិ​ការដ្ឋាន​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​អាន​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម អ៊ីវ លាវ ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឯម វិចិត្រ ជា​អគារ​ធិ​ការ​នៃ​អគារធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។​

​បន្ទាប់ពី​បានទទួល​ព្រះរាជក្រឹត្យ និង​ត្រា ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រួចមក ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឯម វិចិត្រ បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្ដីទី ដែល​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែង​តែង​ឯកឧត្តម​ជា​អគារ​ធិ​ការ នៃ​អគារធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។​

​នាឱកាស​នោះ សម្ដេច​ក្រ​ហា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អគារធិការដ្ឋាន ជា​អង្គភាព​គាំទ្រ​ដល់​ការអនុវត្ត​នូវ​តួនាទី​និង​ភារកិច្ច​របស់​ក្រសួងមហាផ្ទៃ​ឱ្យ​កាន់តែ​ល្អប្រសើរ ហើយពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ តែងតែមាន​ការផ្លាស់ប្ដូ​រ​ថ្នាក់ដឹកនាំ​អគារធិការដ្ឋាន​ជាមួយ និង​ការអភិវឌ្ឍ​រីកចម្រើន និង​មានការ​តម្រង់ទិស​ការ​ងារ​កាន់តែ​ត្រឹមត្រូវ​និង​ច្បាស់លាស់ សំដៅ​គាំទ្រ​ដល់​កិច្ចការ​នានា​របស់​ក្រសួង ដើម្បីឱ្យ​មន្ត្រី​និង​យន្តការ​នានា​របស់​ក្រសួង​បាន​បំពេញការងារ និង​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ទៀតថា ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច​ធំៗ​២ គឺ​ទី​១ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ដែលជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​និង​មាន​យន្តការ​គាំទ្រ​ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ពន្ធនាគារ​ជាដើម​។ ចំណែក​ភារកិច្ច​ធំ​ទី​២ គឺ​កិច្ចការរដ្ឋបាល​មូលដ្ឋាន ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​អគារធិការដ្ឋាន​នេះ ក៏មាន​ភារកិច្ច​ស្នូល​ដើម្បី​គាំទ្រ​ដល់​ការងារ​ធំៗ​ទាំងពីរ​ខាងលើ​ដែរ ពោលគឺ​ទាំង​ការងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ចការរដ្ឋបាល​មូលដ្ឋាន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្ត​សង្កត់ធ្ងន់​អំពី​ការខិតខំ​ប្រមូល និង​ទទួលយក​សំណើរ​សំណូមពរ និង​ក្ដីកង្វល់​នានា​របស់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ទោះ​មាន​ប្រភព​ចេញពី​ប្រជាពលរដ្ឋ​ផ្ទាល់ ឬ​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មក​តាម​ច្រក​ណាក៏ដោយ​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​អំពី​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែល​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រសួងមហាផ្ទៃ​បានទទួល​បណ្ដឹង​ចំនួន​១១៧​ករណី​។ សម្ដេច បាន​សង្កត់ធ្ងន់ថា​រាល់​កិច្ចប្រតិបត្តិការ​ត្រូវតែ​ប្រកាន់យក​គោលការណ៍​សំខាន់ៗ​៣ គឺ​សង្គ្រោះ​ជនរងគ្រោះ បង្ក្រាប​ទីតាំង​ខុសច្បាប់ និង​ផ្ដន្ទាទោស​ជនល្មើស​។ សម្ដេច បាន​មានប្រសាសន៍​ជាថ្មី​ទៀតថា​បញ្ហា​ជួញដូរ​មនុស្ស​ជា​បញ្ហា​ដែល​អន្តរជាតិ​យកចិត្តទុកដាក់ ហើយ​កម្ពុជា​ក៏ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​ដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close