ក្រសួង​ការងារ ជូនដំណឹង ស្តីពី​ការអនុវត្ត​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២២

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្ដីពី​ការងារ​ឱ្យបាន​ជ្រាបថា យោងតាម​ច្បាប់​ស្ដីពី​ការងារ និង​ប្រកាស លេខ ២៧៧/២១ ក​.​ប​/​ប្រ​.​ក​.​អ​.​ធ​.​ក ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ស្តីពី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​២០២២ សូម លោក លោកស្រី ជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អនុញ្ញាតឱ្យ​កម្មករនិយោជិត ទាំងអស់​របស់ខ្លួន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្នុង​រយៈពេល បី​ថ្ងៃ គឺ​ថ្ងៃទី​២៤-២៥ និង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត ទៅជា​ប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​ស់ម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្ន ក្នុងពេល​តែមួយ​នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ នីមួយៗ​ដោយ​ផ្លាស់​វេន​គ្នា​។
​កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់ បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ​ខាងលើ និង​រក្សា ទុកជា​ប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​។​

​ក្នុងករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករនិយោជិត​អាចអនុវត្ត​នៅពេលណា មួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកា​សលេខ ២៧៧/២១ ខាងលើ​។​

​ក្រសួង សូម​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ត្រូវ​បន្ត ចូលរួម​អនុវត្ត​វិធានការ “៣​កុំ ៣​ការពារ​” និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close