វៀតណាម៖ អគ្គីភ័យឆាបឆេះហាងខារ៉ាអូខេ នៅខេត្តប៊ិញឌឿង ស្លាប់មនុស្ស ១២នាក់
ប៊ិញឌឿង៖ ហាងខារ៉ាអូខេមួយបានឆេះ នៅខេត្ត ប៊ិញឌឿង (Binh Duong) ភាគខាងត្បូង កាលពីយប់ថ្ងៃអង្គារ ទី៦ កញ្ញា ២០២២ ដោយបានសម្លាប់មនុស្ស ១២ នាក់។ លោក Vo Van Minh អភិបាលខេត្តប៊ិញឌឿងបានបញ្ជាក់ នាថ្ងៃពុធនេះថា មនុស្សប្រាំពីរនាក់ផ្សេងទៀតបានរងរបួស ខណៈកំពុងរត់គេចពីភ្លើង ខណៈមនុស្សជាច្រើននាក់ត្រូវបានជួយសង្គ្រោះដោយប៉ូលីសពន្លត់អគ្គីភ័យ។
អគ្គីភ័យបានឆាបឆេះហាងខារ៉ាអូខេ An Phu នៅផ្លូវ Tran Quang Dieu នៃសង្កាត់ An Phu នៃទីប្រជុំជន Thuan An ធ្វើដំណើរប្រមាណ ៥០ នាទី ពីទីក្រុងហូជីមិញ ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩យប់។
បុគ្គលិកហាងបានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនបានផល។ បន្ទាប់មក អគ្គិភ័យបានរីករាលដាលយ៉ាងឆាប់រហ័ស និងបានជាប់គាំងបុគ្គលិក និងអតិថិជនជាច្រើននៅខាងក្នុង ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៤០០ ម៉ែត្រការ៉េ នៅជាន់ទី ២ និងទី៣ នៃបន្ទប់ជួល ៣ ជាន់ ដោយគេដឹងថា ហាងខារ៉ាអូខេនេះបានដំណើរការ អស់រយៈពេល ៥ឆ្នាំ។
នៅពេលដែលវាបានបិទច្រកចេញសង្គ្រោះបន្ទាន់ មនុស្សជាច្រើនត្រូវបង្ខំចិត្តប្រញាប់ប្រញាល់រត់ចេញ ក្នុងនោះ ក៏មនុស្សបួននាក់បានលោតចុះពីជាន់ទីពីរក្នុងកម្ពស់ ៧ ដល់ ៨ម៉ែត្រ ហើយបានរងរបួស។ អាជ្ញាធរបានប្រើពេល ៤០នាទី ទើបរថយន្តពន្លត់អគ្គិភ័យ ១៣គ្រឿងបាញ់ពន្លត់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។