ឯកសារសម្ងាត់ស្តីពីកម្មវិធីបរមាណូរបស់ប្រទេសជាច្រើនត្រូវបានរកឃើញនៅផ្ទះលោកត្រាំ
ឯកសារសម្ងាត់ស្តីពីប្រព័ន្ធការពារ របស់រដ្ឋាភិបាលបរទេស ក្នុងនោះមានទាំង ថាមពលបរមាណូផងដែរ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោកត្រាំ ។
សារព័ត៌មាន Washington Post នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ឯកសារមួយច្បាប់ដែលមានពិពណ៌នាពីវិស័យការពារជាតិក្នុងរួមមានទាំងសមត្ថភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលបរទេសមួយ ត្រូវបានគេរកឃើញ នៅក្នុងការឆ្មក់ឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្លរីដា កាលពីពេលថ្មីៗនេះ។
សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភព ដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកនេះដដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណនៃរដ្ឋាភិបាលបរទេសដែលត្រូវបានពិពណ៌នា ក្នុងឯកសារខាងលើទេ ហើយក៏មិនបានលម្អិតថាតើ រដ្ឋាភិបាលបរទេសនោះ គឺជាមិត្ត ឬក៏ជាសត្រូវរបស់សហរដ្ឋអាមេរិកនោះដែរ។ បន្ថែមពីលើនេះ ខាងអ្នកតំណាងលោក ត្រាំ និងក្រសួងយុត្តិធម៌អាមេរិកក៏មិនបានធ្វើ អត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Washington Post នៅឡើយនោះទេ។
នៅក្នុងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ ប៉ូលិស FBI ត្រូវបានគេរាយការណ៍ថាបានរកឃើញឯកសារ និងរូបថតជាង ១១,០០០សន្លឹក ហើយនៅក្នុងចំណោមឯកសារទាំងនោះ មានទាំងឯកសារសម្ងាត់បំផុតផងដែរ ដែល Washington Post អះអាងថាសូម្បីតែមន្ត្រី សន្តិសុខជាតិជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន ក៏មិនមានសិទ្ធិត្រួតពិនិត្យដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។