អាជ្ញាធរ​ខេត្តព្រះសីហនុចុះ​អនុវត្ត​សេចក្តីសម្រេច​តុលាការ​កំពូល រុះរើ​ផ្ទះ​ពលរដ្ឋ​៣គ្រួសារ​នៅ​សង្កាត់អូរត្រេះ ដែលមានទំនាស់​ដីធ្លីជិត​៣០ឆ្នាំ

(ព្រះសីហនុ) ៖ ទីបំផុត​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កាលពីព្រឹក​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២២ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣គ្រួសារ ស្ថិត​នៅ​សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ក្នុង​ជម្លោះដីធ្លីជិត៣០ឆ្នាំ ខណៈពលរដ្ឋ​ទាំងនោះអះអាងថា ដីធ្លីដែល​គាត់រស់នៅនេះ គឺតាំងពី​កំឡុង​សម័យ​សង្រ្គាម​មក​ម្ល៉េះ។

បើយោង​តាម​លិខិត​ស្នើ​អន្តរាគមន៍​របស់ពលរដ្ឋ​ទាំង​៣គ្រួសារ និយាយថា ពួក​គាត់​ រួម​ជាមួយ​១៦គ្រួសារ​ផ្សេង​ទៀតបាន​មក​តាំងទីលំនៅ​នៅ​ដីខាងលើតាំងពីតំបន់នេះ​នៅ​មាន​ខ្មែរ​ក្រហមឈរជើង​នៅ​ឡើយ ពោល​គឺចាប់តាំងពីឆ្នាំ​១៩៩២មក។ ប៉ុន្តែ​ស្រាប់តែនៅ​ឆ្នាំ​២០០៨ ក៏​មានឈ្មោះ ប៉ុន សារឿន បាន​យក​កិច្ច​សន្យា​ទិញ​លក់ដីធ្លី ពីឈ្មោះ គឹម ចាន់នី ហើយ​ឈ្មោះ គឹម ចាន់នី បានទិញដី​ពីឈ្មោះ នី សាវ៉ុន នៅ​ឆ្នាំ​១៩៩៤។ ពលរដ្ឋ​ទាំង៣គ្រួសារ​អះអាងថា បើយោង​តាម​ប័ណ្ណកម្មសិទ្ធិនោះ គឺមិន​ស្ថិត​នៅ​លើដី​របស់ពួកគាត់​ដែលរស់​នៅ​នោះទេ ពោល​គឺស្ថិត​នៅ​កន្លែងផ្សេង។

យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់ពី​សាលា​ដំបូង​ខេត្តព្រះសីហនុថា ករណីនេះ ខ្លួន​បាន​ឱ្យ​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​ទីតាំង​ចំនួន​៣ដង​រួច​មក​ហើយ និង​បាន​បញ្ជាក់ថា ទីតាំង​ដីដែល​ភាគី​ម្ខាង​ទៀត​កំពុង​ទាមទារ គឺស្ថិត​នៅ​ក្នុង​ទីតាំង​ដែលត្រូវ​អនុវត្តពិតប្រាកដមែន។

យ៉ាងណាក៏ដោយ​ចំពោះករណីនេះ មានមហាជនជាច្រើន​បានសម្តែង​នូវ​មតិ​តាមរយៈបណ្តាញ​សង្គម ដោយ​ខ្លះថា ប្រជាពលរដ្ឋ​រស់​នៅ​លើដីរបស់ខ្លួន​តាំងពីឆ្នាំ​១៩៩២ អស់រយៈពេល​ប្រមាណ៣០ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅ​តែមិន​អាច​ការពារ​ដីរបស់ខ្លួន​បាន​ ខណៈ​ដែល​ដីធ្លី​នៅ​តំបន់​នោះ​កំពុងតែមាន​តម្លៃ។

ចំពោះករណីនេះ យើង​មិន​ទាន់អាច​ស្វែង​រក​ការ​បំភ្លឺពីអាជ្ញាធរ និង​សមត្ថកិច្ច​ប្រតិបត្តិ​ការ​បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close