តំណាងរាស្ត្រអាមេរិក បន្តទស្សនកិច្ចកោះតៃវ៉ាន់
តំណាងរាស្ត្រអាមេរិក បានបំពេញទស្សនកិច្ចទីកាន់កោះតៃវ៉ាន់ដែលជាដំណើរទស្សនកិច្ច លើកទី៦ហើយដោយក្រុមមន្ត្រីអាមេរិក គិតចាប់តាំងតែពីដើមខែសីហាមក នៅពេលដែលប្រធានសភាតំណាងរាស្ត្រអាមេរិក គឺលោកស្រី ណានស៉ី ប៉េឡូស៉ី (Nancy Pelosi) បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។
ជាការឆ្លើយតប ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃប្រទេសចិន បានធ្វើសមយុទ្ធនិងបន្តសកម្មភាពយោធារបស់ខ្លួននៅក្បែរដែនកោះនេះរហូតមកទល់ឥឡូវ។ កន្លងមកដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិកទៅកាន់កោះតៃវ៉ាន់គឺបានប្រកាសព័ត៌មានជាមុន។ ប៉ុន្តែលើកនេះក្រុមតំណាងរាស្ត្រអាមេរិក៨រូបបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនប្រកាសជាមុននោះឡើយ ។ តាមគម្រោងតំណាងរាស្ត្រទាំងនោះនឹងធ្វើការនៅកោះនេះរយៈពេល២ថ្ងៃ។
សារព័ត៌មាន AFP នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា សមាជិកសភាបារាំង១ក្រុម និងសមាជិកសភាអាមេរិក១ក្រុមផ្សេងទៀតបានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិសម្រាប់ដំណើរបំពេញទស្សនកិច្ចដាច់ដោយឡែកពីគ្នា នៅកោះតៃវ៉ាន់។
ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា គណៈប្រតិភូបារាំង រួមមានសមាជិកសភាចំនួន៥រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក ស៉ីរីល ប៉េឡាវ៉ាត់ (Cyril Pellavat) ហើយវាគឺជាដំណើរទស្សនកិច្ចលើកទី៤របស់ក្រុមអ្នកនយោបាយបារាំង ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។
ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះ ដែរគណៈប្រតិភូអាមេរិកដែលរួមមានសមាជិកសភា៨រូប និងដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រ លោកស្រី ស្ទេហ្វានី មើហ្វី (Stephanie Murphy) ក៏បានមកដល់តៃវ៉ាន់ផងដែរ។ ក្រុមសមាជិកសភាបារាំងនឹងស្នាក់នៅតៃវ៉ាន់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈដែលក្រុមសមាជិកសភាអាមេរិកនឹងស្ថិតនៅដល់ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។