ម្ចាស់ក្សត្រិយ៍ ElizabethទីII ដែលជាក្សត្រិយ៍សោយរាជ្យ យូរជាងគេរបស់ចក្រភពអង់គ្លេស បានយាងសោយទិវង្គត
អន្តរជាតិ៖ ម្ចាស់ក្សត្រិយ៍ ElizabethទីII ដែលជាក្សត្រិយ៍ សោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស និងជាឥស្សរជនរបស់ប្រទេស ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់នៅលើឆាកពិភពលោក អស់រយៈ ពេល ៧ ទសវត្សរ៍មកហើយនោះ បានយាងសោយទិវង្គត នៅឯព្រះរាជដំណាក់របស់ទ្រង់ក្នុងប្រទេស ស្កុតឡេន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងព្រះរាជជន្មាយុ ៩៦ ព្រះវស្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា។
មហាក្សត្រថ្មី ដែលជា ព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រិយ៍មានព្រះរាជបន្ទូលថា “ការសោយទិវង្គតរបស់ព្រះមាតា ព្រះអង្គម្ចាស់ ក្សត្រិយ៍ គឺជាពេលវេលាដ៏សោកសៅបំផុតសម្រាប់ទ្រង់ និងសមាជិកទាំងអស់នៃគ្រួសារ របស់ទ្រង់”។ ទ្រង់បានបន្តថា “យើងកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់និងជាមាតា ជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ដឹងថាការបាត់បង់ម្ចាស់ក្សត្រិយ៍នឹងមានអារម្មណ៍សោកសៅនៅទូទាំងប្រទេស អាណាចក្រ ចក្រភព និងមនុស្សរាប់មិនអស់នៅជុំវិញពិភពលោក”។
លោកស្រីនាយករដ្ឋមន្ត្រី Truss បាននិយាយនៅខាងក្រៅ ការិយាល័យ Downing Street ថា “ការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី គឺជាការតក់ស្លុតយ៉ាងខ្លាំង ចំពោះប្រទេសជាតិ និងពិភពលោក”។
ដំណឹងនេះបានធ្វើឱ្យមនុស្សក្នុងប្រទេសអង់គ្លេសស្រឡាំងកាំង និង មានការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំជុំវិញពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។