មេដឹកនាំ​ពិភពលោក ចូលរួម​រំលែក​ទុក្ខ ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រី អេ​លីហ្សា​បេ​តទី​២

​ឡុង​ស៍​៖ ក្រោយពី​បានដឹង​ពី​ដំណឹង​នៃ​ការ​សោយ​ទិវង្គត របស់​ព្រះមហាក្សត្រី អេ​លីហ្សា​បេ​ត (Elizabeth) ទី​២ បណ្តា​មេដឹកនាំ​ពិភពលោក​បាន​ចូលរួម​រំលែក​ទុក្ខ ជាមួយនឹង​បញ្ចេញ​ទស្សន​កោតសរសើរ​ស្នា​ព្រះ​ស​ហ្ថ​ទ្រង់ និង​ការចង់ចាំ​ជានិច្ច​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Liz Truss បាន​ស្ងើចសរសើរ ព្រះមហាក្សត្រី​ថា ជា “​ស្មារតី​នៃ​ចក្រភព​អង់គ្លេស​” ដោយ​បន្ថែមថា ចក្រភព​អង់គ្លេស​បាន​រីកចម្រើន​និង​រីកចម្រើន នៅក្រោម​រជ្ជកាល​របស់​ព្រះមហាក្សត្រី​។​

​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​និយាយថា ព្រះ​គុណ​ដ៏​រឹងមាំ និង​ការតាំង​ចិត្ត​របស់​ព្រះមហាក្សត្រី​បាន​នាំមក​នូវ​ការ​លួងលោម និង​កម្លាំង​ដល់​មនុស្ស​គ្រប់គ្នា “​នៅក្នុង​ពិភពលោក​ដ៏​ស្មុគស្មាញ​” ។ លោក​បន្តថា ការលះបង់​របស់​ព្រះមហាក្សត្រី​ដល់​ប្រជាជន​កាណាដា​នឹង​នៅតែ​ជា​ផ្នែក​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden និង​ជំទាវ​ទីមួយ Jill Biden បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​។ ពួកគេ​នឹកឃើញ​ពី​របៀប នៅពេលដែល​ពួកគេ​បាន​ចូលគាល់​ព្រះមហាក្សត្រី កាលពី​ខែមិថុនា ឆ្នាំមុន ដោយ​ក្នុងនោះ ព្រះមហាក្សត្រី​បាន​ទាក់ទាញ​ពួកគេ ដោយ​ប្រាជ្ញា ជំរុញ​ពួកគេ​ដោយ​ចិត្តសប្បុរស និង​ចែករំលែក​ប្រាជ្ញា​របស់​ព្រះមហាក្សត្រី ដោយ​សប្បុរស​។​

​សមាជិក​រាជវង្ស​អង់គ្លេស និង សាធារណៈជន​នឹងមាន​ឱកាស​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី នៅ​ទីក្រុង​ឡុង​ដ៍​។ ខណៈដែល​ក្រុមមន្ត្រី​កំពុង​បញ្ចប់​ផែនការ សម្រាប់​ពិធី​បុណ្យសព​រដ្ឋ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៅ Westminster Abbey ។​

​គួរ​បញ្ជាក់ថា ព្រះអង្គម្ចាស់ Charles ព្រះជន្ម​៧៣​ព្រះវស្សា គឺជា​អ្នក​ឡើង​ស្នងរាជ្យ ហើយ​បាន​ក្លាយជា​ព្រះមហាក្សត្រ Charles ទី​៣ ក្រោយ​ព្រះមហាក្សត្រី Elizabeth ទី​២ បាន​សោយ​ទិវង្គត ក្នុង​ព្រះជន្ម​៩៦​ព្រះវស្សា បន្ទាប់ពី​បាន​ឡើង​សោយរាជ្យ​អស់​រយៈពេល​៧០​ឆ្នាំ​។ ព្រះអង្គ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជុំវិញ ការ​សោយ​ទិវង្គត​របស់​ព្រះ​មាតា​។​

​ព្រះអង្គម្ចាស់ Charles ទី​៣ ដែលជា​បុត្រា​ច្បង​របស់​ព្រះមហាក្សត្រី Elizabeth ទី​២ បាន​មានបន្ទូលថា ការ​សោយ​ទិវង្គត​របស់​ព្រះ​មាតា​ជាទី​ស្រឡាញ់​របស់​ទ្រង់ គឺជា​ទុក្ខសោក​ដ៏​ធំធេង សម្រាប់​ទ្រង់ និង​រាជវង្ស ហើយ​ថា នេះ​គឺ​ការបាត់បង់​មិនអាច​កាត់ថ្លៃ​បាន នៅ​ជុំវិញ​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close