តាមការព្យាករណ៍ ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវអន្តរជាតិរហូតដល់២លាននាក់

(ភ្នំពេញ)៖ យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ចាប់ពី១.៥លាននាក់ ទៅ២លាននាក់ ខណៈរយៈពេល៨ខែ នៃឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានប្រមាណជិត១លាននាក់ហើយ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា សរុប ៩៩៨,២៧២នាក់ កើនឡើង៧២០ភាគរយ ធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០២១ និងថយចុះ-៧៧ភាគរយ ធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ ក្នុងនោះ ផ្លូវអាកាសមានចំនួន ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥ភាគរយ និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ឯកឧត្ដម បន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជានាពេលបច្ចុប្បន្ន មានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាម៉េរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។ «យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចាប់ពី១.៥លាននាក់ទៅ២លាននាក់» ។ នេះជាការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន។

គួររំលឹកផងដែរថា ក្រសួងទេសចរណ៍ បានសម្រេចលើកលែងចំនួន២ចំណុច ដល់មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត។​ ក្នុងនោះ ចំណុចទី១. ផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត។ ចំណែកចំណុចទី២. ផ្តល់ការលើកលែង ការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស និងដូសជំរុញ ដោយចាប់អនុវត្តពីពេលនេះ ដល់ថ្ងៃទី៣១ ខែធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close