ក្រុមហ៊ុនចិនមួយរុករករ៉ែមាសនៅតំបន់ព្រៃឡង់ភ្នំជី កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដែនជម្រកសត្វព្រៃ និងព្រៃឈើ

ក្រុមហ៊ុនចិនរុករ៉ែមាសមួយនៅតំបន់ភ្នំជី ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថានធម្មជាតិ ជម្រកសត្វព្រៃ និងការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិពីសំណាក់ជនមានធនធានមួយចំនួនជួលពលរដ្ឋស៊ីឈ្នួលកាប់ព្រៃរានដីរដ្ឋយកធ្វើចម្ការខុសច្បាប់។

តំបន់ព្រៃឡង់ភ្នំជី ជាដែនជម្រកសត្វព្រៃដ៏ធំមួយ ដែលមានព្រំប្រទល់ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ក្រចេះ និងព្រះវិហារ។ តំបន់ព្រៃឡង់នេះ មានបរិស្ថានធម្មជាតិចម្រុះ ជាតំបន់អេកូទេសចរណ៍ និងជាតំបន់ភ្នំដែលសម្បូរណ៌ទៅដោយរ៉ែមាស រ៉ែត្បូង និងភោគទ្រព្យធម្មជាតិជាច្រើនមុខទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ធ្វើការអភិវឌ្ឍស្រូបទាញសក្តានុពលធម្មជាតិទាំងនោះ មកបម្រើឱ្យកិច្ចអភិវឌ្ឍសង្គមនៅឡើយ។ យ៉ាងណាមិញ មានប្រជាពលរដ្ឋខ្មែរមួយចំនួន បាននាំគ្នាទៅធ្វើអាជីវកម្មរ៉ែងមាសដោយដៃ ខ្លះដោយម៉ាស៊ីន និងខ្លះទៀតនាំគ្នាជីកត្បូងលួចលាក់ ឬត្រូវបង់ប្រាក់ជូនមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ជាថ្នូរនឹងការទទួលបានសិទ្ធិរុករកជាលក្ខណៈគ្រួសារ។ បន្ថែមលើនេះ ប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃ[ព្រៃឡង់] ដើម្បីលក់ឱ្យឈ្មួញមួយចំនួនដាំដំណាំធ្វើចម្ការនៅទីនោះផងដែរ។

ដោយឡែក ក្រុមហ៊ុនចិនមួយ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងផុលផុស ក្នុងការស្រាវជ្រាវរុករករ៉ែមាស នៅតំបន់ភ្នំជីនោះដែរ ដោយបានកាប់ព្រៃធ្វើផ្លូវចូលទៅធ្វើអាជីវកម្ម និងបានហាមប្រាមប្រជាពលរដ្ឋមិនឱ្យចេញ-ចូល តំបន់ដែលពួកគេគ្រប់គ្រងនោះឡើយ។ ក្រុមហ៊ុនចិននោះ ព្យាយាមរឹតត្បិតទាំងការការគ្រប់គ្រងកម្មករចេញ-ចូលបរិវេណក្រុមហ៊ុន និងរាល់ការទម្លាយព័ត៌មានរបស់ក្រុមហ៊ុនចេញក្រៅ ពុំនោះទេ ពួកគេនឹងត្រូវក្រុមហ៊ុនចិនបណ្តេញចេញពីកន្លែងការងារភ្លាមៗតែម្ដង។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនចិនដដែលនេះ ក៏កំពុងបំផ្លាញបរិស្ថានធម្មជាតិនៅតំបន់ព្រៃឡង់នោះយ៉ាងធ្ងន់ធ្ងរផងដែរ ដូចជា ការកាប់បំផ្លាញព្រៃឈើ ជីកកកាយដីដោយប្រើគ្រឿងចក្រធន់ធ្ងន់បង្កជាការរំខានដល់សត្វព្រៃដែលកំពុងរស់នៅ រហូតដល់សត្វព្រៃទាំងនោះត្រូវបង្ខំបម្លាស់ទីស្វែងរកទីជម្រកថ្មីទៀតផង។

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា រូបលោកបានចូលធ្វើជាកម្មករជីករុករករ៉ែមាសឱ្យក្រុមហ៊ុនចិនបានមួយរយៈដែរ ប៉ុន្តែបានសុំលាឈប់វិញ ក៏ព្រោះតែពួកជនជាតិចិនទាំងនោះ ប្រើកម្មករខ្មែរលើសកម្លាំង និងបិទសិទ្ធិមិនឱ្យចេញពីក្រុមហ៊ុន ទៅទិញរបស់របរអ្វីប្រើប្រាស់ឡើយ ពោលគឺត្រូវធ្វើការឱ្យដល់១ខែ បានអនុញ្ញាតឱ្យចេញក្រៅម្ដង។ ហើយរាល់ពេលចេញ-ចូល ត្រូវបានឆ្មាំការពារក្រុមហ៊ុនកត់ឈ្មោះ ដាក់ម៉ាស៊ីនរាវមាសស្រូបសំឡេងលើកម្មករទាំងអស់ ប្រៀបដូចជាអ្នកទោសអ៊ីចឹង! ហើយបើហ៊ានដើរទៅកន្លែងគេចម្រាញមាស(តំបន់ហាមឃាត់) គឺនឹងត្រូវបណ្តេញចេញភ្លាម គ្មានការលើកលែងទេ។

ប្រជាពលរដ្ឋខាងលើ បន្ថែមថា កន្លងមកមានកម្មករខ្មែរម្នាក់ ជីកចំខ្សែរ៉ែមាស ហើយបានលួចយករ៉ែមាសប៉ុនកូនដៃលេបចូលទៅក្នុងពោះ លុះពេលចេញពីកន្លែងជីករ៉ែមាសនោះវិញ មកសម្រាកបរិភោគបាយថ្ងៃត្រង់ ក៏ត្រូវជនជាតិចិនចាប់បាន បន្ទាប់ពីពួកគេដាក់ម៉ាស៊ីនស្រូបសំឡេងឮនៅពោះកម្មករនោះ ហើយត្រូវបានជនជាតិចិនដែលជាមេការធំ ស្ដីបន្ទោសជេរប្រទេចជាភាសាចិន និងបានបណ្តេញកម្មកររូបនោះចេញពីក្រុមហ៊ុនផងដែរ។ បច្ចុប្បន្ន កម្មករខ្មែរមួយចំនួនធំ បានលាឈប់ពីក្រុមហ៊ុនចិននេះអស់ច្រើនហើយ ព្រោះតែមិនអាចទ្រាំនឹងការរឹតត្បិតរបស់ពួកគេបាន។ ជាមួយគ្នានោះ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុនចិន បានជីកយករ៉ែមាសមករំលាយចេញជាមាសសុទ្ធរាប់គីឡូឯណោះ និងបានហាមឃាត់មិនឱ្យកម្មករខ្មែរណាទៅក្បែរកន្លែងគេរំលាយយករ៉ែយកមាសនោះឡើយ សូម្បីតែមេការខ្មែរដែលជាអ្នកបកប្រែភាសា ក៏មិនអាចចេញចូលទីនោះបានដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ នាំគ្នាទៅជីកត្បូងនៅតាមផ្លូវដែលក្រុមហ៊ុនចិន កាយដីធ្វើផ្លូវរុលចូលទៅក្នុងព្រៃជ្រៅ ដើម្បីជីកយករ៉ែមាស ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរ៉ែត្បូង នៅតំបន់វាលដំណាក់ក្រសាំង ក៏នាំគ្នាទៅជីកយ៉ាងផុលផុស បង្កជាការភ្ញាក់ផ្អើលជាខ្លាំង ខណៈអាជ្ញាធរមូលដ្ឋានខាងលើមិនទាន់មានចំណាត់ការណាមួយ ទៅលើសកម្មភាពរបស់ប្រជាពលរដ្ឋទាំងនោះនៅឡើយ..។ ចំណែកសមត្ថកិច្ចមួយចំនួនដូចជា ប៉ូលីស ទាហាន បែរជាឃើញទៅយាមកាមតាមច្រកនីមួយៗដែលក្រុមហ៊ុនចិនធ្វើផ្លូវចូលទៅជីករករ៉ែមាស ដោយសមត្ថកិច្ចទាំងនោះ ជាអ្នកហាមឃាត់មិនឱ្យពលរដ្ឋចេញ-ចូលតំបន់ដែលគេអះអាងថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនផ្តាច់មុខ…៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close