ល្បែងជល់មាន់តាមអនឡាញ កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅស្រុកត្រពាំងប្រាសាទ សង្ស័យ​ជា​ឆ្នាំង​បាយ​របស់​សមត្ថកិច្ច​

(ឧត្តរមានជ័យ) ៖ ល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ បច្ចុប្បន្ន​នេះ ត្រូវ​គេ​ឃើញ​មាន​ស្ទើរ​គ្រប់​កន្លែង​នៃ​ហាងកាហ្វេ​ក្នុង​ឃុំ​ត្រពាំងប្រាសាទ នៃស្រុក​ត្រពាំងប្រាសាទ ដោយ​ពុំ​មានការ​បង្រ្កាប​ពីសមត្ថកិច្ច​នោះ​ឡើយ ដែល​ករណីនេះ គេ​សង្ស័យ​ថា ប្រហែលល្បែង​ទាំងនោះ​គឺជា​ឆ្នាំង​បាយ​របស់សមត្ថកិច្ច ទើប​បាន​ជា​គេ​មិន​ហ៊ានធ្វើ​ការ​បង្រ្កាប​យ៉ាង​ដូចនេះ ។

ប្រជាពលរដ្ឋដែល​រស់​នៅ​ក្នុង​ស្រុកត្រពាំងប្រាសាទ បាន​និយាយថា ល្បែងសុីសងខាងលើនេះ គេ​បើកលេងជារៀងរាល់ថ្ងៃ ដោយ​ពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញ ចុះធ្វើការបង្ក្រាបម្ដងណាឡើយ ។ ករណី​ល្បែង​ស៊ីសងនៅ​ក្នុង​មូលដ្ឋាន​នេះ ធ្វើ​ឲ្យ​ពួកគាត់មានការ​ព្រួយ​បារម្ភ​អំពីបញ្ហាអសន្ដិសុខ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។

ចំពោះ​ករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពី​​លោក​អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​នៅ​ឡើយ​ទេ​នៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ សូម​ជួយ​មានវិធានការបង្រ្កាប​ចំពោះ​ទីតាំង​ល្បែង​ស៊ីសង​ដែល​កំពុង​រីកដូចផ្សិត​នៅ​ក្នុង​មូលដ្ឋាន​ស្រុកត្រពាំងប្រាសាទ​ផង ព្រោះថា នេះ​គឺវា​កំពុងតែ​ផ្ទុយ​ពី​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែលសមត្ថកិច្ច​មូលដ្ឋាន​តែង​តែ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​ហើយ៕

ដោយ៖ សាត ស៊ីន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close