សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ការផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ មិនមែន​ដោយសារ​រដ្ឋ​អស់​ថវិកា​នោះទេ

​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានចេញ​សារ​សំឡេង​ថ្មី​មួយ​ជូន​ជនរួមជាតិ បញ្ជាក់​ពី​មូលហេតុ​នៃ​ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ការផ្អាក​ព្រះរាជ​ពិធី​នេះ មិនមែន​ដោយសារតែ​រាជរដ្ឋាភិបាល​អស់​ថវិកា ដូច​ការវិភាគ​របស់​ជន​មួយចំនួន​នោះឡើយ​។​

​នៅក្នុង​សារ​សំឡេង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា មាន​មូលហេតុ​ពីរ​ដែលនាំឱ្យ​សម្តេច​សម្រេច​ផ្អាក់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង ហើយ​មូលហេតុ​ធំ​មួយទៀត​នោះ គឺ​កម្ពុជា​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹងត្រូវ​រៀបចំ​ដំណាលគ្នា​នឹង​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា «​យើង​មិន​ខ្វះ​លុយ​សម្រាប់​ដោះស្រាយ​បញ្ហា​ត្រឹម​បុណ្យអុំទូក​នោះទេ ព្រោះ​ក្នុង​មួយខែ​យើង​បាន​បញ្ចេញ​ថវិកា​ប្រមាណ ៤០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​របស់​យើង​។ យើង​ផ្តល់​អាទិភាព​សម្រាប់​ប្រជាជន​ក្រីក្រ ហើយ​យើង​ក៏​មិន​ខ្វះ​លុយ​ត្រឹមតែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​ចាយ​ត្រឹមតែ​៤ ទៅ​៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​មិនមែនជា​មូលហេតុ​ពិតប្រាកដ​នៃ​ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នោះទេ​។ ប៉ុន្តែ​យើង​គោរព​ចំពោះ​អ្នកវាយតម្លៃ​ខុស យើង​សូម​កោតសរសើរ​ចំពោះ​អ្នកវាយតម្លៃ​ខុស​បែបនេះ ដែល​ពួកគេ​នៅតែ​ជា​អ្នក​បរាជ័យ​មួយជីវិត​»​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅតែពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា​ហើយ​នោះ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ក៏មាន​ការបំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​វៀតណាម នាយករដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​ហ្វី​លី​ពិន​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ទៀតថា ក្រៅតែពី​កម្មវិធី​ដ៏​ធំ​ខាងលើ​នេះហើយ ក៏​នៅមាន​ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ទៀត ដែល​ធ្វើឱ្យ​រាជរដ្ឋាភិបាល ពិបាក​ក្នុងការ​ត្រៀមលក្ខណៈ​ក្នុង​ការរក្សាសន្តិសុខ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់​ដូច្នេះ «​ការលើកឡើង​របស់​ម​នុស្ស​មួយចំនួន​ថា រាជរដ្ឋាភិបាល​អស់​លុយ​គ្មាន​លទ្ធភាព​បម្រើឱ្យ​ពិធីបុណ្យ​អុំទូក ក៏​សូម​វិភាគ​ទៅតាម​ការគួរ​។ ក៏ប៉ុន្តែ​ខ្ញុំព្រះករុណា ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា ក្នុងឋានៈ​ជា​ម្ចាស់​ទទួលខុសត្រូវ យើង​កំពុង​ទទួល​នូវ​សំណូមពរ​នៃ​ទស្សនកិច្ច​ផ្សេងៗ​ទៀត​។ ក៏ប៉ុន្តែ​យើង​គ្រាន់តែ​អាច​ទទួលបាន​នាយករដ្ឋមន្ត្រី​វៀតណាម នាយករដ្ឋមន្ត្រី​ចិន ប្រធានាធិបតី​ហ្វី​លី​ពិន​សម្រាប់​ថ្ងៃទី​០៧, ០៨, ០៩​។ ចាប់ពី​ថ្ងៃទី​១០ គឺ​យើង​ចាប់ផ្តើម​ប្រជុំ​អាស៊ាន​តែម្តង​។ ដូច្នេះ​នេះហើយ​ជា​មូលហេតុ​ធំ​នៃ​ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំនេះ​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋ​នឹងមាន​ការយោគយល់​។​

​ក្នុង​សារ​សំឡេង​ដដែល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ជូន​ជនរួមជាតិ​ដែរ​ថា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ហើយ​នោះ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន សម្តេច​នឹងត្រូវ​អញ្ជើញ​ទៅកាន់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ចូលរួម​កិច្ចប្រជុំ​G20​។ បន្ទាប់មក​អញ្ជើញ​ទៅ​ក្រុង​បាងកក ប្រទេស​ថៃ ចូលរួម​កិច្ចប្រជុំ APEC​៕

https://fb.watch/fyh9DglcNs/

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close