រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២
(សៀមរាប)៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ ឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីពិភាក្សាអំពីការវិវត្តន៍រីកចម្រើននៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំងសមិទ្ធិផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ បញ្ហាពហុភាគីនិងតំបន់ផ្សេងៗ ការឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ និងបញ្ហាវិបត្តិរវាងរុស្សី-អ៊ុយក្រែន ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថាកិច្ចចំពោះប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន និងកិច្ចពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ចំពោះកិច្ចប្រជុំពិគ្រោះយោបល់ រួមមាន កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសឥណ្ឌា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសកាណាដា រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន-ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក និង៣ប្រទេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុង នៃប្រទេសចិន រដ្ឋមន្ត្រី នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង់គ្លេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ, អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់និងសកល, ការតភ្ជាប់និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងការរក្សាសន្តិសុខស្បៀងទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុនក្នុងការស្ដារសេដ្ឋកិច្ចតំបន់និងសកលលោកឡើងវិញ ប្រកបដោយភាពធន់និងចីរភាព។
លើសពីនេះ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើបញ្ហាថ្មីៗរួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់, ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បាតនានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការការពារពលករចំណាកស្រុក, ការអភិវឌ្ឍពលកម្មជំនាញនិងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។