សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៤០ កិច្ចប្រជុំ​ពាក់ព័ន្ធ និង វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ​២០២២

​ភ្នំពេញ​៖ តាម​សុន្ទរកថា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ថ្លែង​ក្នុង​ពី​ធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៤០ កិច្ចប្រជុំ​ពាក់ព័ន្ធ និង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​មូលបទ “​បង្កើនល្បឿន​អន្តរកាល​ថាមពល ៖ ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​កំណើន​ប្រកបដោយ​ចីរភាព​” នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី ១២-១៦ ខែកញ្ញា ឆ្នាំ​២០២២, តាម​ប្រព័ន្ធ​វី​អេ​ដូ​ថត​ទុកជាមុន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​បញ្ចូល​ប្រភព​ថាមពល​កកើត ឡើងវិញ ទៅក្នុង​ល្បាយ​នៃ​ប្រភព​ថាមពល​របស់ខ្លួន ។ ជាក់ស្តែង ក្នុង​ឆ្នាំ ២០២១ កន្លងមកនេះ ថាមពល ដែល​បានមកពី​ប្រភព​ថាមពល​កកើត​ឡើងវិញ រួមមាន​វា​រី​អគ្គិសនី ថាមពល​ដើរ​ដោយ ពន្លឺព្រះអាទិត្យ និង​ថាមពលជីវម៉ាស់ បាន​កើនឡើង​ទៅដល់ ៤០% នៃ​ថាមពល​សរុប​របស់​ក​ម្ពុ​ជា ។ ម្យ៉ាងទៀត បើ​ពិនិត្យមើល​តាម​ទំហំ​អានុភាព​នៃ​ប្រភព​ថាមពល​របស់​កម្ពុជា ចំណែក​អានុភាព​ន ប្រភព​ថាមពល​កកើត​ឡើងវិញ គឺមាន​រហូតដល់ ៥៥% នៃ​អានុភាព​តម្លើង​សរុប ។​

​សម្ដេច​បន្តថា សម្រាប់​ទិសដៅ​ទៅមុខ កម្ពុជា នឹង​បន្ត​ជំរុញ​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ប្រសិទ្ធភាព ថាមពល និង​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​អតិបរមា និង​ជា​បន្តបន្ទាប់ ទៅតាម​លទ្ធភាព​ទទួល បាន​របស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​កម្ពុជា ជាមួយនឹង​ការកាត់បន្ថយ​ការអភិវឌ្ឍ​គម្រោង​ប្រភព​ថាមពល ដែល​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ដែលមាន​ធ្យូងថ្ម និង​ប្រេង ជាដើម ។

​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ដើម្បី​សម្រេច​ទិសដៅ​នេះ កម្ពុជា បាននិងកំពុង​សហកា​រ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុងការ​សិក្សា និង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ថាមពល​កម្ពុជា​រហូតដល់​ឆ្នាំ​២០៤០ គោលនយោបាយ​ជាតិ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល ផែនទី បង្ហាញផ្លូវ​ស្តីពី​ការអភិវឌ្ឍ​អន្តរកាល​ថាមពល​ស្អាត ឆ្ពោះទៅ​អ​ព្យា​ក្រឹត្យ​ភាព​កាបូន និង​គោល នយោបាយ​អភិវឌ្ឍន៍​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា ។ ទន្ទឹមនឹងនេះ ក្រោម​កិច្ចសហការ យ៉ាងសកម្ម​បន្ថែមទៀត​ពី​ដៃគូ​អភិវឌ្ឍន៍ កម្ពុជា​ក៏​បាននិងកំពុង​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​អន្តរកាល ថាមពល​របស់ខ្លួន ដោយ​ផ្តោតលើ​កម្មវិធី​នៃ​ការកែទម្រង់​សំខាន់ៗ​ចំនួន ៣ រួមមាន (១). ការរៀបចំ​ផែនការ​ថាមពល និង​ការពង្រឹង​ស្ថាប័ន (២). ការបង្កើន​ល្បឿន​អន្តរកាល​សេដ្ឋកិច្ច​វិលជុំ និង​ការបញ្ចេញ​ឧស្ម័ន​កាបូន​ទាប​និង (៣). តម្លាភាព និង​ភាព​ប្រកួតប្រជែង​សម្រាប់​ការវិនិយោគ ក្នុង​គម្រោង​ថាមពល​ថ្មី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close