ឯកឧត្តម ស៊ុន ចាន់ថុល សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងក្រុងសៀមរាប
សៀមរាប៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង ចំណែកការជួសជុលថែទាំមានការចំណាយតិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ និងបានសង្កត់ធ្ងន់ថា៖ ក្នុងករណីមិនគោរពតាមការណែនាំ ក្រសួងនឹងចាត់វិធានការតឹងរ៉ឹង ដោយគ្មានការលើកលែងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទាំងនោះ សំដៅទប់ស្កាត់ និងថែទាំផ្លូវកុំឱ្យឆាប់ខូចមុនអាយុកាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដែលបានផ្ដល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទីបី នៅខេត្តសៀមរាប និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ហើយសង្ឃឹមជឿជាក់ថា៖ វិស័យឯកជនក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងផ្ដល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្តបន្ថែមទៀតដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចទិញរថយន្តអគ្គិសនីឱ្យបានច្រើន និងប្រើប្រាស់បានទូលំទូលាយផងដែរ។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង ក្នុងនោះ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។ ក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។