​គ​.​ជ​.​ប សម្រេច​កែសម្រួល​ខ្លឹមសារ​មួយចំនួន​នៅក្នុង​សៀវភៅ​សម្រាប់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ និង​កែសម្រួល​ខ្លឹមសារ​មួយចំនួន​នៃ​ផែនការមេ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​កែសម្រួល​ខ្លឹមសារ​មួយចំនួន​នៃ​សៀវភៅ​សម្រាប់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ និង​កែសម្រួល​ខ្លឹមសារ​មួយចំនួន​នៃ​ផែនការមេ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ហើយ​បាន​ឯកភាព​ជាគោលការណ៍​លើ​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រោម​វត្តមាន​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ថា​យោងតាម​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែមេសា ដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៣​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គ​.​ជ​.​ប បាន​បញ្ជាក់ថា គណបក្សនយោបាយ​ដែលមាន​បំណង​ចូលរួម​ការបោះឆ្នោត ត្រូវដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ តាម​ទម្រង់​បែបបទ​ដែល​កំណត់ដោយ គ​.​ជ​.​ប​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close