ពលរដ្ឋ​ចិនជិត ​២​លាន​នាក់​ រង​ផលប៉ះពាល់​ ដោយ​ព្យុះ​Muifa នៅ​ទីក្រុង​សៀង​ហៃ​

​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ព្យុះ Muifa​បាន​បោកបក់​ចូលដល់​ដីគោក​ក្នុង​ទីក្រុង​សៀង​ហៃ និង​តំបន់​ភាគ​ខាងកើត​ប្រទេស​ចិន​ដោយមាន​ល្បឿន​ខ្យល់​ដល់​ទៅ​១២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ព្យុះ Muifa ចូលដល់​ក្នុង​តំបន់​នោះ ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ តាម​ការលើកឡើង​រប​ស់​មន្ត្រី​ក្នុង​តំបន់ មាន​ពលរដ្ឋ​១,៦​លាន​នាក់​រង​ផលប៉ះពាល់​ដោយ​ព្យុះ​ខាងលើ​។​

​សារព័ត៌មាន CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ​បាន​ផ្សាយ​ថា ខ្យល់​បក់​ខ្លាំង​និង​មាន​ភ្លៀង​ធ្លាក់​យ៉ាងគំហុក បាន​វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​ចិន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន នៅ​ថ្ងៃទី​១៥​ខែកញ្ញា​នេះ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Muifa បង្ខំ​ឱ្យ​មនុស្ស​ចំនួន ១.៦ លាន​នាក់ ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ និង​បិទ​ជើងហោះហើរ​សំខាន់ៗ​របស់​អាកាសយានដ្ឋាន​ទីក្រុង​សៀង​ហៃ​។​

​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា Muifa គឺជា​ព្យុះ​ស៉ី​ក្លូន​ត្រូ​ពិ​ក ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត គិត​ចាប់តាំងពី​ការធ្វើ​កំណត់ត្រា​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៤៩​។ ទោះជា​យ៉ាងណា ភ្លាមៗ​នោះ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​ណាមួយ​អំពី​មនុស្ស​ស្លាប់​ឬ​របួស ដោយ​គ្រោះធម្មជាតិ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៤២៦,០០០​នាក់ ក្នុង​ទីក្រុង​សៀង​ហៃ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព ខណៈ ១.២ លាន​នាក់ ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​ជម្រក​បណ្តោះអាសន្ន នៅក្នុង​ខេត្ត Zhejiang ដែល​ស្ថិតនៅ​ជិត​ទីក្រុង​នេះ​។​

​រលក​ធំៗ​ត្រូវបាន​គេ​មើលឃើញថា កំពុង​បោកបក់​សន្ធាប់​មកលើ​បណ្តោយ​ឆ្នេរ​នៅជាប់​ឈូង​សមុទ្រ ហាង​ចូ​វ Hangzhou នៅ​ភាគខាងត្បូង​ទីក្រុង​សៀង​ហៃ ហើយ​មាន​គ្រោះ​បំណាក់​ដី​ត្រូវបាន​រាយការណ៍​ថា កើតឡើង​នៅ​ស្រុក Ninghai របស់​ខេត្ត​ហ្ស៉ី​ជាំ​ង​។​

​តាម​ការ​ព្យាករ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចាត់ថ្នាក់​ព្យុះ​ទី​ហ្វុ​ង Muifa ធ្លាក់​មក​នៅត្រឹម​ជា​ព្យុះ​ត្រូ​ពិ​ក​ខ្លាំង​មួយ ប៉ុន្តែ​វា​នឹង​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ការ​ជន់​លិច​ភ្លាមៗ​នៅ​ទូទាំង​ខេត្ត​មួយចំនួន ខណៈដែល​ព្យុះ​នេះ​បាននិងកំពុង​រំកិល​ទៅ​ភាគ​ខាងជើង ឆ្លងកាត់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close