ក្រសួងសុខាភិបាល ហាមឃាត់​ការចក​ចាយ ឬ​លក់​ផលិតផល​ឱសថ​ឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​គណនី​ឈ្មោះ TM99. Brarding Shop កំពុង ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និង​ផលិតផល​ផ្សេងៗ​ទៀត គ្មាន​លេខ​បញ្ជី​កា​ពី​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​។​

​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ឱសថ តម្រូវ ឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុងការ​បង្ការ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​លេខ​ប​ញ្ញិ​កា​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ​ផលិតផល​ឱសថ​ឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និង​ឈប់​ប្រើប្រាស់​ផលិតផល​ឱសថ​គ្មាន​លេខ ប​ញ្ញិ​កា​ខាងលើ​ជា​បន្តទៀត​។
​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ និង​ជន​ពាក់ព័ន្ធ ដទៃទៀត​ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ ឬ​លក់​ផលិតផល​ឱសថ​ឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM នេះ​ជាបន្ទាន់​។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ និង​ជន​ពាក់ព័ន្ធ ទាំងឡាយណា​ដែល​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និង​ផលិតផល​គ្មាន​លេខ​ប​ញ្ចិ​កា​ផ្សេងៗ​ទៀត ទៅតាម​ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

​ក្នុង​ករ​ណ៏​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​ចែកចាយ ឬ​លក់​ផលិតផល​ឱសថ​ឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និង​ផលិតផល​គ្មាន​លេខ​បញ្ជី​កា​ផ្សេងៗ​ទៀត​ខាងលើនេះ សូម បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង ជាបន្ទាន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close