សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាលក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ១ ៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយដែលមានឱកាសបានជួបជុំសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមកម្មករ កម្មការរិនីទាំងអស់ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងការឈានជិតចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
សម្ដេចក្រឡាហោម បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការនិងប្រកបដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពីសាធារណៈមតិ បន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់អគារទាំងមូល។
សម្ដេច បានបង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួងថ្មីនេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។
សម្ដេច បន្ថែមថា«ខ្ញុំសូមកោតសរសើយ៉ាងខ្លាំងចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត»។
សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាគណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព និងបានជូនពរក្រុមជាងទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបតែព្រះពុទ្ធពរ៤ប្រការ។
សូមបញ្ជាក់ថា អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនីនាឱកាសនោះ រួមមានសារ៉ុង១ មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច៥កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន១សែនរៀល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។