ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសា របានទទួលអំណោយពីសម្តេចតេជោ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ការដែលអោយបងប្អូនប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរនេះគឺ ជាក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់ការចូលរួមអភិវឌ្ឍក្រុងទេសចរណ៍ វប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបានបង្កើតឡើងនូវជីវភាពថ្មីរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ដ៏កក់ក្តៅបំផុត។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ពេលនេះក្រុមការងារកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បី ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមវត្តសម្រាប់ព្រះសង្ឃនៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលថែមទៀត។ យើងអាចជឿជាក់បានថា អនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក។
ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ កាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់ នៅតំបន់ថ្មី នឹងជួយធ្វើឱ្យប្រាសាទអង្គរវត្ត មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកទាំងអស់ ឯកឧត្តម ក៍បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខខ្ពស់របស់បងប្អូនប្រជាពលរដ្ឋដោយ បានដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អោយមករស់នៅក្នុងតំបន់ថ្មី ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើមផងដែរ ។
សូមជម្រាបថា គ្រឿងឧបភោគ បរិភោគដែលយកទៅចែកជូនដលបងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារនាពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ១កេសធំ ត្រីខ ១កេសធំ និងថវិការ ១,៤០០,០០០រៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។