ចរាចរណ៍ផ្លូវអាកាស ផ្លូវគោកក្នុងប្រទេសជប៉ុន រងផលប៉ះពាល់ ដោយសារព្យុះទីហ្វុង Nanmadol
ព្យុះទីហ្វុង Nanmadol បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង នាថ្ងៃទី១៩ កញ្ញា ២០២២នេះ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា លុបចោលជើងហោះហើរ ប្រតិបត្តិការរថភ្លើង ធ្វើឱ្យមនុស្សជាង ៣០០,០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ។
អាជ្ញាធរបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះទីហ្វុងទី១៤ នៃរដូវកាលនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុនហើយ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្លៀងរហូតដល់៤០០មីលីម៉ែត្រ ត្រូវបានគេព្យាករណ៍ថា នឹងមាននៅក្នុងតំបន់ Tokai ភាគកណ្តាលនៃប្រទេសជប៉ុន ដែលជាតំបន់ឧស្សាហកម្មរបស់ប្រទេសជប៉ុន ក្នុងរយៈពេល២៤ ម៉ោងបន្ទាប់ ។
មន្ត្រីទីភ្នាក់ងារមួយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ” ។
Kyushu Railway ដែលជាប្រតិបត្តិកររថភ្លើងដែលបម្រើដល់កោះ Kyushu ភាគខាងលិចរបស់ប្រទេសជប៉ុន បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការទាំងអស់សម្រាប់ថ្ងៃច័ន្ទ ខណៈដែលក្រុមហ៊ុន Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរប្រហែល ៨០០ សម្រាប់ថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។