សហព័ន្ធវាយសី បើកវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍធនធានបន្តវេន
ភ្នំពេញ ៖ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូកីឡាវាយសីកម្រិតបឋម ឆ្នាំ២០២២ មានសិក្ខាកាមចូលរួមជាគ្រូតាមបណ្តាក្លិប គ្រូអប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សារាជធានីភ្នំពេញចំនួន៧ ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកណ្តាល សរុបចំនួន៣១នាក់ (នារី៧នាក់) វគ្គបណ្តុះបណ្តាលគ្រូកីឡាវាយសីកម្រិតបឋមចាប់ពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
វគ្គបណ្តុះបណ្តាលបំប៉នជំនាញ និងបណ្ដុះចំណង់និស្ស័យកីឡាវាយសីរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយសហព័ន្ធកីឡាវាយសីអាស៊ី (BA) និងសហព័ន្ធកីឡាវាយសីពិភពលោក (BWF) ដើម្បីចែករំលែកផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់លោកគ្រូ អ្នកគ្រូអប់រំកាយ និងកីឡា។
ឯកឧត្តម លី កុសល មានប្រសាសន៍ថា សម្រាប់ការត្រៀមប្រកួតប្រជែងមេដាយ ក្នុងឋានៈម្ចាស់ផ្ទះជាលើកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកំពុងប្រឹងប្រែងរៀបចំកម្មវិធីហ្វឹកហាត់ក្នុងប្រទេស និងនៅប្រទេសចិន។ ចំណែកឯគោលដៅសំខាន់មួយទៀត សហព័ន្ធក៏បានគិតគូយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានសម្រាប់បន្តវេន ក្រោយស៊ីហ្គេម ២០២៣ផងដែរ។
ដូច្នេះហើយទាំងនេះគឺជាគោលដៅចម្បងនៃដំណើរការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើនសម្រាប់ជាតិ និងអន្តរជាតិ នាថ្ងៃអនាគត ជាពិសេសព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីនាឆ្នាំ២០២៩ ដែលកម្ពុជាទទួលបានសិទ្ធិជាផ្លូវការរួចរាល់ហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។