រយៈពេល២ថ្ងៃ! សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងបាន ៣៦ករណី ឃាត់ខ្លួន៧០នាក់
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសង សរុប៣៦ករណី ឃាត់ខ្លួនមនុស្សចំនួន៧០នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ កញ្ញា ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា «លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃកន្លងមក ថ្ងៃទី១៧-១៨ ដោយបានធ្វេីការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់»។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៧០នាក់នោះ ក្នុងនោះមានស្រី៣៥នាក់, ចិន១០នាក់, កូរ៉េម្នាក់, អារ៉ាប់ម្នាក់ ហើយក្រៅពីនោះជាជនជាតិខ្មែរ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។