ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក គ្រោង​នឹង​បើក​នៅ ចុងខែ​តុលា ឆ្នាំ​២០២២ ខាងមុខ​នេះហើយ នៅក្នុង​ខេត្តសៀមរាប

​សៀមរាប​៖ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជា​ថា “​កុំ​ច្រឡំ​ថា នៅ​ស្រុក​ក្រៅ នេះ​ជា​ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក គ្រោង​នឹង​បើក​នៅ ចុងខែ​១០ ឆ្នាំ​២០២២ នាពេលខាងមុខ​នេះហើយ នៅក្នុង​ខេត្តសៀមរាប​យើង​ហ្នឹង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​បាន​ច្រើន អម​ជាមួយ​ប្រាសាទ​អង្គរ​”​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា ឧទ្យាន​មួយ​នេះ បង្កើតឡើង​ដោយ Angkor Wildlife and Aquarium អាង​ចិញ្ចឹម​ត្រី និង​អាណាចក្រ​អង្គរ សួនសត្វ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ជាង ១០០ ហិកតា ជាមួយនឹង​ទុនវិនិយោគ​សរុប ៧០ លាន​ដុល្លារ​អាមេរិក​។ ខ្ញុំ​មិន​នឹកស្មានថា​ប្រទេស​ខ្មែរ​យើង​ឥឡូវ​ជឿនលឿន​មិន​ចាញ់​ស្រុក​គេ​ទេ អ្វីៗ​ក៏មាន​ហើយ​ទំនើប​ទៀត សំខាន់​នោះ​គឺមាន សន្តិភាព សុវត្ថិភាព​គ្រប់​ទីកន្លែង ល្បឿន​នៃ​ការអភិវឌ្ឍន​លឿន​ហួស​ពី​ការរំពឹងទុក​ទៅទៀត​។

​ខ្ញុំ​បាន​ដើរ​មើល​នៅក្នុង​ឧទ្យាន​មួយ​នេះ​ ​គឺមាន​ចំណុច​ពិសេស​ច្រើន មួយ​គឺ​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ត្រី​ទឹកសាប​ដែល​រស់នៅក្នុង​ទន្លេមេគង្គ ដែលមាន​រូបរាង​ប្លែក​ធំ​គឺ​ត្រី​រាជ ទម្ងន់​ដល់​ទៅ ១០០​គីឡូ​ជាង និង​កម្រ​បានឃើញ ទី​ពីរ​មាន​អ្នកជំនាញ​មើលថែ​ត្រី និង​អភិរក្ស​ត្រី​ប្លែកៗ យ៉ាង​យកចិត្តទុកដាក់​។ ខ្ញុំ​គិតថា​យើង​គួរ​យក​កូនៗ​មកលេង​ម្តង ហើយ​ឲ្យ​ពួកគាត់​បាន​ស្គាល់​ថា​នេះ​ជា​ត្រី​កម្រ​របស់​ខ្មែរ​យើង ទី​បី​កន្លែង​នេះ​នាំមក​នូវ​ការអប់រំ​សម្រាប់​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​។​

​បើ​រៀប​រាប់មិនអស់​ទេ ដូច្នេះ​សូម​បងប្អូន​អញ្ជើញ​មក ទស្សនា​ដោយផ្ទាល់​វិញ​ល្អ​ជាង​។ សូម​អរគុណ ដល់​បងប្រុស និង​បងស្រី ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុមគ្រួសារ​មកលេង​នៅ Aquarium ហើយ​ទទួលបាន​ភាពកក់ក្តៅ​យ៉ាង​ពេញលេញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close