អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រកាស​រកឃើញ​ជនបរទេស​ជិត ៥០០​នាក់ និង​បានកំណត់​បទល្មើស ៦​ផ្សេងៗ​គ្នា ក្នុង​អាគារ​ពាណិជ្ជកម្ម​មួយ​ឈ្មោះ ស៊ី​ង សាន ទីង

​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រកាសថា បាន​រកឃើញ​ជនបរទេស​សរុប ៤៩៥​នាក់ និង​បានកំណត់​បទល្មើស ៦​ផ្សេងៗ​គ្នា ក្រោយ​ចុះ​ពិនិត្យ​អាគារ​ពាណិជ្ជកម្ម​មួយ​ឈ្មោះ ស៊ី​ង សាន ទីង (​ហៅ ឆាង​ឆឹង​) ក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​១៨ ខែកញ្ញា​២០២២​ឲ្យ​ដឹងថា ជនបរទេស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង ៤៩៥​នាក់​នោះ​មាន​ស្រី ចំនួន ៥១​នាក់ មាន​៤​សញ្ជាតិ ក្នុងនោះ​ជនបរទេស​ចូលមក​កម្ពុជា​ខុសច្បាប់​អន្តោប្រវេសន៍​ចំនួន ១៤១​នាក់ រួមមាន​ជនជាតិ​ចិន​ចំនួន ១៣០​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន ១១​នាក់ (​ត្រៀម​បណ្តេញ​ចេញពី​កម្ពុជា​)​។ ក្រៅពីនោះ​សមត្ថកិច្ច បាន​រកឃើញ​ជនបរទេស​ចំនួន ២៦២​នាក់ ធ្វើការ​ងារ​ដោយ​គ្មាន​បណ្ណ​ការងារ ហើយ​អាជ្ញា​ផាកពិន័យ​តាមផ្លូវ​ច្បាប់​បាន​ចំនួន ១៣១,០០០,០០០​រៀល និង ៧៨ ៨៤០​ដុល្លារ​។​

​រដ្ឋបាលខេត្ត​ឱ្យដឹង​បន្ថែមទៀតថា មន្ទីរ​ការងារ​ក៏បាន​ផាកពិន័យ​ចំពោះ​សហគ្រាស​ដែល​អនុញ្ញាត​ដល់​ជនបរទេស​ធ្វើការ​ដោយ​គ្មាន​ច្បាប់ បាន​ទឹកប្រាក់​ចំនួន ៦,៧២០,០០០​រៀល​ទៀត​ផងដែរ​។​

​សេចក្តីប្រកាស បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​រយៈពេល​៥​ថ្ងៃ កម្លាំងចម្រុះ​បាន​រកឃើញ​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​បង្ខាំង​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ខុសច្បាប់ បទល្មើស​កាន់កាប់ និង​រក្សាទុក​អាវុធ​ខុសច្បាប់ បទល្មើស​សញ្ចារកម្ម និង​ជួញដូរ​មនុស្ស ដោយ​ឃាត់ខ្លួន​ជនបរទេស​ចំនួន ២៧​នាក់ (​ជនសង្ស័យ ១២​នាក់ ជនរងគ្រោះ ៥​នាក់ និង​នារី​បម្រើសេវា​ផ្លូវភេទ ១០​នាក់​) និង​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដូចជា អាវុធខ្លី ៤​ដើម ទូរស័ព្ទដៃ​សរុប ៨ ៧៧៦​គ្រឿង កុំព្យូទ័រ​លើ​តុ ៨០៤​គ្រឿង កុំព្យូទ័រ​យួរដៃ ១៦​គ្រឿង លិខិតឆ្លងដែន ៣៦​ក្បាល ឧបករណ៍​ផ្ទុក​ទិន្នន័យ ១២​គ្រឿង ខ្នោះដៃ ៤​គូ ដំបងឆក់ ៨​ដើម ពិល​ឆក់ ២​ដើម រួមទាំង​សម្ភារៈ ឯកសារ និង​ប្រាក់​មួយចំនួន​។​

​ទីតាំង​អាគារ​ពាណិជ្ជកម្ម​ឈ្មោះ ស៊ី​ង សាន ទីង (​ហៅ​ឆាង​ឆឹង​) ស្ថិតនៅ​ដី​ឡូ​តិ៍ ក្រុម​២៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ចំនួន ៣​អគារ (​អគារ A មាន​៣​ជាន់​, អគារ B មាន​២​ជាន់ និង​អគារ C មាន​៣​ជាន់​) មាន​បន្ទប់​សរុប ៣៣២​បន្ទប់ បន្ទប់​ស្នាក់​នៅមាន​ចំនួន ២៦៧​បន្ទប់ បន្ទប់ធ្វើការ​មាន​ចំនួន ៥១​បន្ទប់ អាហា​រដ្ឋា​ន​មាន​ចំនួន ១១​ហាង Mart ១ ហាង​លក់​ផ្លែឈើ​១ ហាង​អ៊ុតសក់​១ និង​កន្លែង​លេង​កម្សាន្ត​១​។​

បច្ចុប្បន្ន​អាគារ​ដ៏​ធំ​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង សម្រេច​ឱ្យ​បិទ​អាជីវកម្ម និង​បិទ​អាគារ​ទាំងមូល ដើម្បី​បន្ត​ស៊ើបអង្កេត ។ ក្រៅពីនេះ​សមត្ថកិច្ច​ក៏​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុសច្បាប់ និង​រក្សាទុក​អាវុធ​ខុសច្បាប់ និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​ម្នាក់​ដែល​បាន​រត់គេចខ្លួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close