អ៊ុយ​ក្រែ​ន​ នឹង​ក្លាយជា​ទីលានប្រយុទ្ធ​រវាង​រុស្ស៊ី ​និង​លោកខាងលិច​

នាយករដ្ឋមន្ត្រី​ហុង​គ្រី​លោក Viktor Orban បាន​លើកឡើងថា សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អាច​នឹង​អូសបន្លាយ​ដល់​ឆ្នាំ​២០៣០ ហើយ​ប្រទេស​លោកខាងលិច​គឺជា​មូលហេតុ​ធ្វើឱ្យ​សង្គ្រាម​រាលដាល​ទ្រង់ទ្រាយ​ធំ​។

​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ហុង​គ្រី បាន​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក​ថា អ៊ុយ​ក្រែ​ន​អាច​នឹងត្រូវ​បាត់បង់​ទឹកដី​ចាប់ពី​១/៣​ដល់​១/២ ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ លោក​បន្តទៀតថា សង្គ្រាម​រវាង​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​អាច​នឹង​អូសបន្លាយ​ដល់​ឆ្នាំ​២០៣០ ហើយ​សង្គ្រាម​រាលដាល​កាន់តែ​ធំ​ឡើងៗ​។ លោក​ក៏បាន​ថ្កោលទោស​ដល់​ការដាក់ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​លោកខាងលិច​ទៅលើ​រុស្ស៊ី ដោយ​ចាត់ទុកថា​ទណ្ឌកម្ម​នោះ​មិន​ខុស​អ្វី​ពី​ការបាញ់​បំបាក់​ជើង​ខ្លួនឯង​នោះឡើយ​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះដែរ ក្រុមហ៊ុន​នុយក្លេអ៊ែរ​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន Energoatom បាន​អះអាងថា រុ​ស្ស៉ី​បាន​បើក​ការវាយប្រហារ​មកលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ពី​វ​ដេ​ន​នូ​ក្រែ​ន​ស្ក៍ (Pivdennoukrainsk) នៃ​តំបន់​មី​កូ​ឡេវ (Mykolaiv) ភាគខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​ម៉ា​ស៉ី​ន​រ៉េ​អា​ក់ទ័រ​រង​ការខូចខាត​ឡើយ ហើយ​កំពុងដំណើរការ​ជាធម្មតា​។​

ក្រុមហ៊ុន Energoatom បានឱ្យដឹងថា ការផ្ទុះ​មួយ​បាន​កើតឡើង​ភ្លាមៗ​នៅ​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ​ពី​ម៉ា​ស៉ី​ន​រ៉េ​អា​ក់ទ័រ និង​បង្កឱ្យមាន​ការខូចខាត​ចំពោះ​អគារ​រោងចក្រ​នុយក្លេអ៊ែរ​ខាងលើ​នៅវេលា​ពាក់​កណ្តាលអធ្រាត្រ​។ ការវាយប្រហារ​នេះ ក៏បាន​ធ្វើឱ្យ​ខូចខាត​ដល់​ស្ថានីយ​វា​រី​អគ្គិសនី​មួយ​នៅក្បែរនោះ រួមទាំង​ខ្សែ​បញ្ជូន​បណ្តាញ​ផងដែរ​។​

​ក្រោយពី​មានការ​វាយប្រហារ​ថ្មី​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី (Volodymyr Zelenskiy) បាន​ផ្ញើ​សារ​តាមរយៈ​បណ្តាញ​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា «​កងកម្លាំង​រុ​ស្ស៉ី​ព្យាយាម​បើក​ការវាយប្រហារ​ម្តងទៀត ប៉ុន្តែ​ពួកគេ​ភ្លេច​ថា​តើ​អ្វី​ជា​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​។ រុ​ស្ស៉ី​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក​តែម្តង ដូច្នេះ​យើង​ត្រូវតែ​បញ្ឈប់​ពួកគេ​មុនពេល​វា​យឺត​ពេល​»​។​ ​ភ្លាមៗ​នោះ​រុ​ស្ស៉ី​នៅ​មិនមាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​អ៊ុយ​ក្រែ​ន​ខាងលើនេះ​ទេ​។ តំបន់​មី​កូ​ឡេវ​បាន​រង​នូវ​ការវាយប្រហារ​ឥតឈប់ឈរ ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុ​ស្ស៉ី ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close