ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៥ សម្រេច​ការកសាង​សង​ជិត ៦០%​ហើយ គិត​ត្រឹម​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២

​ភ្នំពេញ​៖ នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង ឯកឧត្តម យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ជា​នាយក​គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស និង​មន្ត្រី​ជំនាញ​បច្ចេកទេស​គម្រោង​ពាក់ព័ន្ធ​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​គម្រោង​ស្តីពី​វឌ្ឍនភាព​នៃ​ការ អនុវត្ត​គម្រោង បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​ការ​នាំចូល​សម្ភារៈ​វត្ថុធាតុដើម បញ្ហា​ទាក់ទង​នឹង​កង្វះ វិស្វករ​នៅ​ការដ្ឋាន និង​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ឧបសគ្គ​ដល់​ការអនុវត្ត​គម្រោង ជាដើម​។

​ទន្ទឹមនឹងនេះ អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លម្អិត​លើ​វឌ្ឍនភាព​ការងារ ការ​នាំចូល​សម្ភារៈ​វត្ថុធាតុដើម ការបែងចែក​កម្លាំង​ពលកម្ម​-​កម្មករ​ជំនាញ​តាម​អគារ​នីមួយៗ និង​បញ្ហា​ប្រឈម​នានា ព្រមទាំង​បានស្នើ ឱ្យ​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​រៀបចំ​ផែនការ​លម្អិត​លើ​ការងារ​នាំចូល​សម្ភារៈ​វត្ថុធាតុដើម និង​ការសាងសង់ ដើម្បី​តាមដាន ត្រួតពិនិត្យ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​CM Grand Development និង​Tan Kim Eng អនុវត្ត​គម្រោង​ឱ្យ​សម្រេច​តាម​ផែន​ការដែល​បាន​សន្យា​។​

​សូម​ជម្រាបជូន​ថា​៖ យោងតាម​របាយការណ៍​របស់​អង្គភាព​គ្រប់គ្រង​គម្រោង គិត​ត្រឹម​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​មក​ផ្លូវជាតិ​លេ​៥ សម្រេចបាន​ចំនួន ៥៨,៤៨%​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close