ក្រសួងសាធារណការ នឹងដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេង ស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ(Royal Railway) នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយ មិនបង់ប្រាក់ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២។
សូមជម្រាបបញ្ជាក់ជូនផងដែរថា ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងចែកជូនផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយនៃបណ្តាខេត្ត រយៈពេល ០២ថ្ងៃ មុនថ្ងៃធ្វើដំណើរ ចាប់ពីម៉ោង ០៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីល្ងាច។
ទន្ទឹមនេះ ក្នុងនាមស្ថាប័នទទួលបន្ទុកអនុវត្ត រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួង សាធារណការនិងដឹកជញ្ជូន សូមប្រសិទ្ធពរជ័យ សិរីសួស្តីបវរមហាប្រសើរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ពុទ្ធសករាជ២៥៦៦. គ្រិស្តសករាជ២០២២នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅកាន់ទីជិត ឆ្ងាយប្រកបដោយផាសុកភាព និងសុខសុវត្ថិភាពគ្រប់ពេលវេលា។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមធ្វើដំណើរ តាមខ្សែរថភ្លើង ទៅតាមកាលបរិច្ឆេទពេលវេលា និងទិសដៅធ្វើដំណើរដូចបានជម្រាបជូនដំណឹងខាងលើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។