ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២២ ត្រូវបាន​ប្រកាស​បិទ​ជា​ផ្លូវការ​!

​រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កីឡាករ​កីឡាការិនី ដើម្បី​អភិវឌ្ឍ​ខ្លួន បង្កើន​សមត្ថភាព ក្នុង​ការប្រកួត​ថ្នាក់ជាតិ​នេះ ក៏ដូចជា​ការប្រកួត​ល​ក្ខ​ណៈ​អន្តរជាតិ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​។

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​ស្នើ​ឲ្យ សហព័ន្ធ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​យ៉ាងខ្លាំង​ទាំង​ផ្នែក​រដ្ឋបាល សកម្មភាព​ការប្រកួត និង​សកម្មភាព​លើ​ផ្នែក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តាម​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ដែល​ក្រសួង​បានផ្តល់​ថវិកា​គាំទ្រ ដើម្បី​ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​កីឡា ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ថ្លែងថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២ គឺជា​ការប្រកួត​ដ៏​សំខាន់ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ សម្រាប់​កីឡាករ កីឡាការិនី អភិវឌ្ឍ និង​បង្កើន​សមត្ថភាព រួមទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​ផងដែរ​។

​តាមរយៈ​ការបន្ត​កិច្ចខិតខំ​យ៉ាងខ្លាំង​ក្លា​បាន​ជំរុញ​ឲ្យ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ទទួលបាន​សមិទ្ធ​ផល​ប្រសើរ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ប្រមាណ ១៧​លាន​នាក់ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​មាស ៣ ប្រាក់​២ និង​សំរឹទ្ធ​៩ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-១៩ ខែកញ្ញា ឆ្នាំ​២០២២​។

លោក យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា គូសបញ្ជាក់ថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២​នេះ មាន​ក្លិប​មកពី​រាជធានី​-​ខេត្ត​ចំនួន​៦ ក្រសួង​២ ចូលរួម កីឡាការិនី ៥៨​នាក់ កីឡាការិនី ២៤ នាក់ ការប្រកួត​ចែកជា​២​ផ្នែក​ធំៗ ១៩ វិញ្ញាសា រួមមាន​៖ ១- វិញ្ញាសា មេគុន ចំនួន ១២ និង​២- វិញ្ញាសា​ប្រយុទ្ធ ចំនួន ០៧​។

​ចំពោះ​លទ្ធផល​ជ័យលាភី​រួមមាន​៖ គឺ​ក្លិប​កីឡា​វ៉ូ​វី​ណា​ម ក្រសួងការពារជាតិ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ដោយ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ សរុប ១៥​គ្រឿង (​មាស ៩ ប្រាក់ ២ និង​សំរឹទ្ធ ៤) ខណៈ​ខេត្តស្វាយរៀង ឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ៦​គ្រឿង (​មាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ១) និង​ក្រសួងមហាផ្ទៃ ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ១០ សរុប ១៤​គ្រឿង​។ ចំណែកឯ​ក្លិប​ខណ្ឌ​សែន​សុខ ឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ១០​គ្រឿង (​មាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៦) និង​ខេត្តកំពង់ស្ពឺ ឈរ​លេខ​៥ ឈ្នះ​មេដាយ​សរុប ៣​គ្រឿង រួមមាន​មេដាយមាស ២ និង​ប្រាក់ ១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close