អភិបាលរង​ខេត្ត​ចំនួន​៤​រូប ​និង​នាយក​រដ្ឋបាល​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​

​សៀ​ម​រាប​៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចូលរួម​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​ខេត្ត​ចំនួន ៤​រូប និង​នាយក​រដ្ឋបាលខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​មានការ​ចូលរួម​ពី​សំណាក់ និង​ប្រតិភូ​អមដំណើរ​ព្រមទាំង​ជួរ​ថ្នាក់ដឹកនាំ នៃ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាច្រើនរូប​ផងដែរ ។​

​ការប្រកាស​ចូលកាន់​តំណែង​រួមមាន​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ឋានន្តរ​ស័ក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ , លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ ឋានន្តរ​ស័ក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ , លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ឋានន្តរ​ស័ក វរៈមន្ត្រី​ថ្នាក់​លេខ​៥ និង លោក យុន លីន​ណេ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​ឋានន្តរ​ស័ក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប និង ប្រកាស​តែងតាំង​លោក លី វណ្ណៈ នាយករង​រដ្ឋបាល ឋានន្តរ​ស័ក​វរៈមន្ត្រី​ថ្នាក់​លេខ​១ ទៅជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ជំនួស​លោក សុខ ថុល បានទទួល​ភារកិច្ច​ថ្មី​។

​ឯកឧត្តម ទៀ សីហា បានលើកឡើង​អំពី​សកម្មភាព និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ទាំងអស់​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង រួមគ្នា​រវាង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ផងដែរ ។ លោក​បន្តទៀតថា កិច្ចការ​អភិវឌ្ឍន៍​ទាំងអស់​គឺមាន​គោលបំណង​បម្រើរ​ផលប្រយោជន៍​ទូទៅ បង្កើត​ការងារ និង​បង្កើន ប្រាក់ចំណូល ជូន​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ ជាក់ស្តែង​អត្រា​ភាព​ក្រក្រី​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មានការ​ថយចុះ​ជា​លំដាប់ ក្នុង​ឆ្នាំ​២០២២​នេះ​។​

​នាឱកាស​នេះដែរ​ឯកឧត្តម ប៊ុន ហុន បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត ត្រូវតែ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​ល្អ និង​ត្រូវ​គិតគូរ​ពី​បញ្ហា​មួយចំនួន​ដូចជា​៖​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩ និង​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​រាល់​ជំលោះ តម្រូវការ​របស់​ប្រជាពលរដ្ឋ​អោយបាន​ត្រឹមត្រូវ​និង​ច្បាស់លាស់ និង​ដោយ​សន្តិវិធី ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ខាងតែបាន​បញ្ហា​គ្រឿងញៀន​។ ឯកឧត្តម ប៊ុន ហុន ក៏បាន​ជម្រុញ​ដល់​អភិបាលរង​ខេត្ត​ថ្មី ក៏​ដូច​នាយក​រដ្ឋបាល​ថ្មី ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍន៍​ខេត្ត​ទាំងមូល​ឲ្យ​ទទួលបាន​ភាព​រីកចម្រើន​ទៅ​មុខជា​លំដាប់ និង ត្រូវ​ចុះ​មូលដ្ឋាន​ឲ្យ​បានជា​ប្រចាំ និង​ដោះស្រាយ​រាល់​ប​ញ្ហ​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ឲ្យ​បាន​ទាន់ពេលវេលា​។

​ឯកឧត្តម​ក៏បាន​សរសើរ​ដល់​រដ្ឋ​បាល​ខេត្ត ដែល​បាន​អនុវត្ត​ទៅ​ទទួលបាន​លទ្ធផល​ល្អ ការបើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​មិន​រៀបរយ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​ត្រូវបាន​បងប្អូន​ស្ម័​ត្រ​ចិត្ត​ផ្លាស់​រុះរើ​ទៅ​រស់នៅ​កន្លែង​ថ្មី ព្រមទាំង​លើក​ផងដែរ​ពី​ព្រឹត្តិការណ៍​ការប្រមូលផ្តុំរ​បស់​ប្រជាពលរដ្ឋ នៅ​ចម្ការ​ម្រេច ជើងភ្នំ​គូលែន ហើយ​ត្រូវបាន​រំសាយ​ទៅដោយ​សន្តិវិធី គ្មាន​អំពើហិង្សា​អ្វី​ឡើយ​។ ឯកឧត្តម​ក៏បាន​សុំ​ណូ​ម​ពរ​ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំង​ទាំងបី អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ផ្តល់នូវ​ការគាំទ្រ និង មា​នន​កិច្ចសហការ​ល្អ​ជាមួយគ្នា ដើម្បី​ដឹកនាំ និង កសាង​ខេត្ត ឲ្យ​ទទួលបាន​ជោគជ័យ​ថែមទៀត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close