សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ​

​នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (16th AMMTC and Its Related Meetings) តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង នាឱកាស​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋមន្ដ្រី​ប្រធាន​ប្រតិភូ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន អគ្គលេខាធិការរង​អាស៊ាន ទទួលបន្ទុក​សហគម​ន៍​សន្ដិសុខ នយោបាយ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​ចូលរួម​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់ថ្នាក់​នៃ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ដែល​បាន​បូជា​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​រួមចំណែក​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ប្រយុទ្ធប្រឆាំង និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បានធ្វើ​ឲ្យ​ស្ថានភាព​ប្រឈម​នៅក្នុង​តំបន់​អាស៊ាន​មានកា​រវិ​វដ្ត​ប្រែប្រួល​ប្រកបដោយ​ភាព​វិជ្ជមាន ។​

​យ៉ាងណាក៏ដោយ សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គប្រជុំ​ថា នៅមាន​កិច្ច​ការសំខាន់ៗ​ជា​អាទិភាព​ច្រើន​ទៀត​ដែល​អាស៊ាន​ត្រូវ​បន្ត​ផ្តល់​កិច្ចសហការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដូចជា​គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម​ប្រដាប់អាវុធ វិបត្តិ​ថាមពល ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការគំរាមកំហែង​ដោយ​បទល្មើស​មិន​ប្រពៃណី ដូចជា អំពើ​ជួញដូរ អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍ ការជួញដូរ​គ្រឿងញៀន និង​ការសម្អាត​ប្រាក់​ជាដើម​។​

​សម្ដេច​បានបង្ហាញ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នាឱកាស​នេះ នឹង​ដើរតួ​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​ផ្លាស់ប្ដូរ និង​ចែករំលែក​ទៅវិញទៅមក​នូវ​ព័ត៌មាន ក៏ដូចជា​បទពិសោធន៍​ថ្មីៗ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​បុព្វហេតុ​នៃ​សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និង​ការអភិវឌ្ឍ​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ដោយនៅ​ព្រឹក​ថ្ងៃស្អែក សម្ដេច​ក្រឡាហោម ស ខេង នឹង​បន្ត​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​៣ គឺ​អាស៊ាន​បូក ចិន ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​នៅពេល​ល្ងាច​សម្ដេច​នឹង​ថ្លែង​សុន្ទ​កថា​បិទ ព្រមទាំង​ផ្ទេរ​តួនាទី​ប្រធាន​ជូន​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​។ សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្រោយ​ចប់​កិច្ចប្រជុំ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close