វៀតណាម៖ ក្នុងរយៈពេល៨ខែ ឆ្នាំនេះ ការនាំចេញត្រីធូណា កើនឡើង៥៥%
ហាណូយ៖ វៀតណាមរកចំណូលបាន ៧៣០ លានដុល្លារពីការនាំចេញត្រីធូណា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២២នេះ កើនឡើង ៥៥%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។
នៅក្នុងខែសីហាតែមួយ ការនាំចេញត្រីធូណាមានតម្លៃ ៩២ លានដុល្លារអាមេរិក កើនឡើង ៨៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន អារ៉ាប៊ីសាអូឌីត និងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំង កាលពីខែមុន។
មកទល់នឹងពេលនេះ វៀតណាមបាននាំចេញត្រីធូណាទៅកាន់បរទេស និងដែនដីចំនួន ៩៧ ដែលស្មើនឹង ១០% នៃតម្លៃនាំចេញអាហារសមុទ្រសរុបរបស់ខ្លួន។ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) ព្យាករណ៍ថា ការនាំចេញត្រីធូណានឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំនេះ ដែលភាគច្រើនដោយសារតែតម្លៃប្រកួតប្រជែងរបស់អាហារសមុទ្រក្នុងស្រុក។
សមាគមបានប៉ាន់ប្រមាណថា ការនាំចេញត្រីធូណារបស់វៀតណាមនឹងកើនឡើងដល់ ១.១ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ៤៥% ធៀបនឹងឆ្នាំ ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។