អាជ្ញាធរ​ខេត្តសៀមរាប ចាត់​កម្លាំង​ក្នុងការ​អន្តរាគមន៍ និង​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​

​យោង​លើ​ស្ថានភាព​ធាតុអាកាស ខេត្តសៀមរាប បានទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់មូសុង​ន​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បណ្តាលឱ្យ​ខេត្តសៀមរាប មាន​ខ្យល់ ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ខុស​ប្រក្រតី​។ ​គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២​នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥ ៨៧២ គ្រួសារ ភូមិ​ចំនួន ១៨៤​ភូមិ ឃុំ​ចំនួន​៤១ នៃ​ស្រុក ចំនួន​៨ រួមមាន ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ ស្រុក​ជីក្រែង ស្រុក​អង្គរជុំ ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ដែល​បង្កឱ្យមាន​ផលប៉ះពាល់ និង​ជំនន់​ទឹកភ្លៀង​។​ក្រៅពី​ប៉ះពាល់​ដល់​លំនៅឋាន​និង​ប្រជាពលរដ្ឋ​នោះ ទឹកជំនន់​នេះ បាន​ប៉ះពាល់​ដល់​ស្រូវពង្រោះ​ចំនួន ៦.១២៥​ហិកតា ដំឡូង​មី ចំនួន ១.៥៧៨​ហិកតា លិច​ទីធ្លា​សាលារៀន ៣៣​កន្លែង លិច​បរិវេណ​មណ្ឌល​សុខភាព ០៤​កន្លែង អាគារ​រដ្ឋបាល​ឃុំ ប៉ុស្តិ៍​រដ្ឋបាល ០៧​កន្លែង លិច​បរិវេណ​វត្ត ០៦​កន្លែង លិច​ផ្លូវ​ប្រវែង ៧៨.៤២៦​ម៉ែត្រ និង​ខូចខាត​ប្រវែង ២.៣៦៦​ម៉ែត្រ​លិច​ខ្នង​ទំនប់ ខ្ន​ប្រឡាយ ប្រវែង ១៩.២២៣​ម៉ែត្រ និង​ខូចខាត​ប្រវែង ៩៥​ម៉ែត លិច​ស្ពាន ០១​កន្លែង និង​ខូចខាត​ប្រវែង ១០​ម៉ែត្រ ងាប់​គោ​ចំនួន ០១​ក្បាល ងាប់​មាន់​ទា​សរុប​ចំនួន ៦៧៦​ក្បាល​។

​រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព ទឹកជំនន់ និង​ផលប៉ះពាល់​ផលដំណាំ​រួមផ្សំ​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បានធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន មើលថែ​កូនចៅ​ឲ្យ​បានល្អ​ចៀសវាង​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក ការថែទាំ​សុខភាព ការបង្កា​ជំងឺរាក​រូស កា​ពារ​ពី​ការយាយី​ពី​សត្វ​មាន​អាសិរពិស ក្នុងករណី​ទឹកជំនន់​នៅតែ​បន្ត​កើនឡើង​ខ្លាំង​ទៀត ។​

​ក្នុងអំឡុង​ពេលនេះ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​នឹង​កំពុង​ដឹកនាំ​ពិនិត្យ​ស្ថានភាព​និង​បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​ទាំង​៨ ខាងលើ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី សហការ ដេ​ី​ម្បី​រៀបចំ​ផែនការ​អន្តរាគមន៍ និង​តាមដាន​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដោយ​ត្រៀមកម្លាំង ក្នុងការ​ទប់ស្កាត់ និង​ត្រៀម​ទីទួល​សុវត្ថិភាព​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​ការលិចលង់​ផ្ទះសម្បែង​មកកាន់​ទីទួល​សុវត្ថិភាព ដោយ​ធ្វើការ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​លើ​អនាម័យ និង​បង្ការ​ការពារ​ឆ្លង​ជំងឺ​នានា ក៏ដូចជា​ជំងឺ​កូ​វីដ​-១៩ និង​ត្រៀម​បង្ការ​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​នានា​ដែល​នឹង​អាច​កើតឡើង​ជាយថាហេតុ​។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​នឹង​កំពុង​តាមដាន​និង​ចាត់វិធានការ​បង្ការ​ជួយសង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close