ព្យុះណូរុ បានចូលដល់ប្រទេសឡាវ បន្ទាប់ពីដើរកាត់លើប្រទេសវៀតណាម ធ្វើឱ្យមានភ្លៀងដល់ជាង ៣០០ មីលីម៉ែត្រ
ព្យុះណូរុ មកដល់វេលាជិតថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា បានរំកិលដល់ព្រំប្រទល់ប្រទេសវៀតណាម ឡាវ ហើយបន្តដំណើរក្នុងកម្រិតជាកូនព្យុះ ទៅរកព្រំប្រទល់ប្រទេសឡាវ ថៃ មុននឹងថយឥទ្ធិពល មកនៅក្នុងកម្រិតជាវិសម្ពាធ បន្ទាប់ពីដើរលើដីគោក របស់ប្រទេសវៀតណាម ជាព្យុះទីហ្វុង កម្រិត១ ធ្វើឱ្យមានភ្លៀង ធ្លាក់ពីជាង ២០០ ទៅជាង ៣០០ មីលីម៉ែត្រ ពេលវាដើរមកកៀកនឹងឆ្នេររបស់ប្រទេស វៀតណាម នោះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថាៈ ចំណុចកណ្តាល នៃព្យុះទីណូរុ នៅពេលនេះ (ម៉ោង ១០ ព្រឹក) កំពុងស្ថិតនៅលើព្រំប្រទល់ប្រទេស វៀតណាម ឡាវ ស្ថិតនៅជាព្យុះទីហ្វុង កម្រិត១ ដោយបន្តដំណើរកាត់ប្រទេសឡាវ ទៅដល់ព្រំប្រទល់ រវាងប្រទេសថៃ ឡាវ នឹងថយឥទ្ធិពល មកនៅក្នុងកម្រិតជាកូនព្យុះ មុនថយចុះមកនៅកម្រិតជាវិសម្ពាធ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយ ដោយយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ជលសាស្ត្រ និងឧតុនិយមរបស់វៀតណាមថាៈ នៅក្នុងអំឡុងពេល ព្យុះ បានដើរមកដល់កៀកឆ្នេរ ធ្វើឱ្យតំបន់ខ្លះ នៃភាគកណ្តាលប្រទេសវៀតណាម មានភ្លៀងធ្លាក់ ក្នុងកម្រិតពីជាង ២០០ មីលីម៉ែត្រ ទៅដល់ជាង ៣០០ មីលីម៉ែត្រ ហើយភ្លៀងនៅតែបន្តធ្លាក់ថែមទៀត។ ការខូចខាតកម្រិតណា មិនទាន់មានព័ត៌មាន នៅឡើយទេ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ថាៈ នៅថ្ងៃទី២៨ និង ២៩ ខែកញ្ញា ប្រទេសកម្ពុជា បន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU)។ ព្យុះនេះ នឹងចូលលើប្រទេសវៀតណាម ភាគកណ្ដាល នៅវេលាម៉ោង ០១ យប់ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពល ទៅជាវិសម្ពាធ (TD) ដើរលើតំបន់អាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពល ទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មក ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។