អាជ្ញាធរប្រកាសឱ្យប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្លាំង
អាជ្ញាធរខេត្តកំពង់ស្ពឺនៅថ្ងៃនេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ឱ្យបង្កើនការប្រុងប្រយ័ត្នបានខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ រយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានធ្វើឱ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែត្នោត ត្រូវបង្កើនការប្រយុងប្រយ័ត្ន ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។
សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា៖ «ស្ថានភាពបែបនេះធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ»។
ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ អាជ្ញាធរ ប្រាប់ឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងនោះ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។ នេះបើតាមរដ្ឋខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលរងនូវជំនន់ទឹកភ្លៀង ត្រូវរាយការណ៍ និងផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។