គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង សម្រេចបាន១០,៧៣%ហើយ
កោះកុង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូដែលមានសមាសភាពចូលរួមពីលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ(EDCF) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ ក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨។
បេសកកម្មនេះមានគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង និងរៀបចំផែនការសកម្មភាព និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមផែនការគម្រោងដែលបានកំណត់។
យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោងឱ្យដឹងថាគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ សម្រេចវឌ្ឍនភាពការងារបានចំនួន១០,៧៣%ហើយ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២មក។
នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានចុះពិនិត្យមើលការងារបច្ចេកទេសនៃទីតាំងការដ្ឋានសំខាន់ៗមួយចំនួន រួមទាំងទីតាំងការដ្ឋានកែសម្រួលតម្រាយផ្លូវចំណោតតាតៃ ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យរថយន្តដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវបានរឹងមាំ ដែលអាចទទួលយកបានរវាងភាគីពាក់ព័ន្ធទាំងអស់។
សូមជម្រាបជូនថា៖ កំណត់ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លងប្រវែង២៥,១គីឡូម៉ែត្រ មានចំនួន០៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១) ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ២) ប្រវែង៣,៤ គីឡូម៉ែត្រ(គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣) ប្រវែង៤,២គីឡូម៉ែត្រ (គ.ម១២៤+៤០០-គ.ម១២៨+៦០០) ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២(Realignment) និង៤) ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០-គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុងកៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។
ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨ គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួម មាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។