រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សម្រេច​រៀបចំ​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត នៅ​ដងស្ទឹង​សិរីសោភ័ណ ចាប់ពី​ថ្ងៃទី​២២-២៣ ខែតុលា ឆ្នាំ​២០២២

​ខេត្តបន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ជម្រាបជូន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ លោកជំទាវ អ្នក​ឧក​ញ៉ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អង្គការ​ជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ​ទូទាំង​ខេត្ត ជ្រាបថា គណៈកម្មាធិការ​ខេត្ត​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ សម្រេច​រៀបចំ​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត នៅ​ដងស្ទឹង​សិរីសោភ័ណ ខាងក្រោយ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២២-២៣ ខែតុលា ឆ្នាំ​២០២២​។

​នៅ​រៀងរាល់ រាត្រី មានការ​ដាក់តាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ និង​សមិទ្ធផល​នានា​របស់​រដ្ឋបាលខេត្ត អមដោយ ការប្រគុំ​តន្ត្រីសម័យ ព្រមទាំង​មានការ​រៀបចំ​កម្មវិធី​ផ្សេងៗ នៅ​បរិវេណ​សួន​មានជ័យ ខេត្តបន្ទាយមានជ័យ​។

​រដ្ឋបាលខេត្ត បញ្ជាក់ថា ចំពោះ​ពិធី​អកអំបុក នឹង​រៀប​ចំនា​រាត្រី​ថ្ងៃទី​០៨ ខែ វិច្ឆិកា ឆ្នាំ​២០២២ នៅ​បរិវេណ​ខាងជើង​គល់ស្ពាន​ថ្ម​ថ្មី សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។

​ទន្ទឹមនឹងនេះ អភិបាល នៃ​គណៈ​អភិបាលខេត្ត សូម​អំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា​ជា​សប្បុរសជន មេត្តាជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្ដល់​អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬ​សម្ភារៈ​ផ្សេងៗ ដើម្បី​ជួយ​ទ្រទ្រង់​កម្មវិធី ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​នេះ ទទួលបាន​លទ្ធផល ល្អប្រសើរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close